ខេត្តកណ្តាលៈ យុវជន២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកកណ្តាលស្ទឹងចាប់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញមានលាក់ទុកថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៥កញ្ចប់នៅជាប់ខ្លួន និងមួយកញ្ចប់ទៀតលាក់ទុកនៅលើផ្ទះ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ ធូ សុខរស់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលកំរៀង ឃុំថ្មី ស្រុកកណ្តាលស្ទឹង ទី២-ឈ្មោះ ផុន ភា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិទន្លា ឃុំថ្មី ស្រុកកណ្តាលស្ទឹង ។
ប្រភពដដែលបានបន្តថា ជនល្មើសទាំង២នាក់ខាងលើនេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មនៅក្នុងមូលដ្ឋានឃុំថ្មី កន្លងមកត្រូវបានសមត្ថកិច្ចកំណត់និងតាមដាន ។ លុះមកដល់រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចទទួលបានព័ត៌មានថា ជនល្មើសមានរក្សាទុកគ្រឿងញៀននៅជាប់ខ្លួន ដើម្បីធ្វើសកម្មភាពជួញដូរ ។ បន្ទាប់ពីទទួលបានព័ត៌មានច្បាស់ការរួចមក សមត្ថកិច្ចបានឆ្មក់ទៅបង្រ្កាបចាប់ខ្លួនជនល្មើសទាំង២នាក់ឆែកឆេររកឃើញមានថ្នាំញៀនចំនួន៥កញ្ចប់តូចនៅជាប់ខ្លួនជនល្មើស ។
បន្ទាប់ពីចាប់ខ្លួនបានជនល្មើសរួមជាមួយវត្ថុតាង សមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល និងលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលបន្ទុក និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេតកណ្តាល ចូលឆែកឆេរលំនៅឋានជនល្មើសដកហូតបានថ្នាំញៀនមួយកញ្ចប់ធំ និងសម្ភារៈវេចខ្ចប់គ្រឿងញៀនបន្ថែមទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ