ខេត្តកណ្តាលៈ ជនល្មើសម្នាក់ជិះម៉ូតូកញ្ចស់របស់ខ្លួនមួយគ្រឿង ទៅធ្វើសកម្មភាពលួចកាច់.កម៉ូតូស៊េរីឆ្នាំ២០១៦របស់ប្រជាពលរដ្ឋចតចោលនៅលើវាលស្រែ តែជិះគេចខ្លួនមិនរួច ក៏ត្រូវប្រជាពលរដ្ឋតាមចាប់បានវាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់ ។
ករណីលួចកាច់.កម៉ូតូបានសម្រេចគេចខ្លួនមិនរួចនេះបានកើតឡើង កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិខ្នារ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
អធិការនគរបាលស្រុកអង្គស្នួលលោកវរសេនីយ៍ឯក មាន សំណាង បានឲ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះ ពៅ ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងរាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះឈ្មោះ ចន រស្មី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់នំប៉័ង មានទីលំនៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1DO-2393 ។
លោកវរសេនីយ៍ឯក មាន សំណាង បានបន្តថា នៅមុនពេលកើតហេតុឆ្លៀតពេលទំនេរពីមុខរបរដើរលក់នំប៉័ង ជនរងគ្រោះបានជិះម៉ូតូទៅវាលស្រែ ស្ថិតក្នុងភូមិខ្នារ ឃុំទួលព្រេជ ស្រុកអង្គស្នួល ដើម្បីទាក់សត្វលលក ។ ពេលទៅដល់ជនរងគ្រោះបានចតម៉ូតូទុកចោលនៅលើវាលស្រែ ដោយបានចាក់សោរ.កត្រឹមត្រូវ តែមិនបានបិតសន្ទះសោរនោះទេ ខណៈកំពុងអង្គុយទាក់សត្វលលកចំងាយពីម៉ូតូប្រហែល៥០ម៉ែត្រ ជនរងគ្រោះបានឮសម្លេងម៉ូតូរបស់ខ្លួនត្រូវបានបញ្ឆេះ ។ ភ្លាមនោះជនរងគ្រោះអើតមើលឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួនចេញពីកន្លែងទុក ក៏បានស្រែកថា “ចោរៗ” បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរៗនោះនាំគ្នាជិះម៉ូតូដេញតាមចាប់ខ្លួន ជនសង្ស័យបានវាយម្នាក់មួយដៃម្នាក់មួយជើង បណ្តាលឲ្យជនសង្ស័យជាចោររងរបួសយ៉ាងធ្ងន់ធ្ងរ ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាល ។
ជាមួយនឹងការចាប់ខ្លួនខ្លួនជនល្មើសខាងលើនេះ សមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1DO-2393(ជារបស់ជនរងគ្រោះ) ។ ម៉ូតូម៉ាកស៊ីធី ធុនសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1X-3641 ,ឧបករណ៍សម្រាប់កាច់សោរ.កម៉ូតូ១កំផ្លេ (ផ្លែទួណឺវីសមុខស្រួចចំនួន៤-សោរខ្សៀលេខ៨ចំនួន១) ,កូនសោរម៉ូតូចំនួន១ ,កណ្តៀវច្រូតស្មៅចំនួន១ និងបាវពណ៌សចំនួន១(ជារបស់ជនល្មើស) ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ