ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង១១ និង២៣នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៧ មាននារីវ័យក្មេងម្នាក់ដែលទើបនឹងមានស្វាមីថ្មីថ្មោងបានទទួលមរណភាពទាំងឈាមពេញក្នុងមាត់ បន្ទាប់ពីនារីរូបនេះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យដោយសារតែនាងបានផឹកថ្នាំបាញ់ស្មៅដើម្បីសម្លាប់ខ្លួន។
យោងតាមតាមការអះអាងពីលោក សារ៉េត វិសេដ្ឋ អធិការរងទទួលបន្ទុកការងារ ព្រហ្មទណ្ឌបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៥ និង៤០នាទីល្ងាចនៅក្នុងភូមិភ្នំតូច ឃុំពេជ្រ ចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងមានករណី ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនមួយបានកើតឡើង ប៉ុន្តែកាលណោះថ្នាំពុលមិនទាន់បានសម្លាប់ជីវិតស្ត្រីរងគ្រោះនោះនៅឡើយ ។
លោកអធិការរងបានបន្តថា នារីរង គ្រោះឈ្មោះ សុទ្ធ សុផាលីស អាយុ២៤ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ដោយនាងបានផឹកថ្នាំសម្រាប់បាញ់សម្លាប់ស្មៅប្រភេទខ្លាំង (ថ្នាំអាឆេះ) បណ្តាលឲ្យរងរបួសធ្ងន់ ព្រមទាំងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុក ប៉ុន្តែក្រោយមកដោយសារតែសភាពធ្ងន់ធ្ងរខ្លាំងពេក បើទោះបីជាក្រុមគ្រូពេទ្យខំប្រឹងព្យាបាលដោយការយកចិត្តទុកដាក់យ៉ាងណាក៏ដោយទីបំផុតស្ត្រីរងគ្រោះត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅកាន់លំនៅឋានវិញបន្ទាប់ពីសង្កេតឃើញថា នាងមានសភាពធ្ងន់ធ្ងរទៅហើយនោះ ហើយ នាងក៏បានស្លាប់កាលពីរាត្រីថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៧តែម្តង ។
សម្ដីរបស់ក្រុមគ្រួសារពិសេសគឺស្វាមី របស់នាងគឺមានការខឹងសម្បាដោយសារតែនាងបានទទូចសុំលុយប្តីដើម្បីយកទៅដើរលេងនៅឯរាជធានីភ្នំពេញមិនបានទើប នាងបានសម្រេចចិត្តធ្វើបែបនេះតែម្ដង។ ដោយឡែកបើតាមប្រភពក្រៅផ្លូវការបាននិយាយថា នារីរូបនេះបើទោះបីជានាងមាន ស្វាមីហើយក៏ដោយគឺឲ្យតែមានពិធីឬ បុណ្យទានអ្វីមួយនាងមិនដែលបបួលស្វាមី ឲ្យដើរជាមួយនោះទេ ដោយនាងបានដើរលេងចោលប្តីបាត់ៗតែម្តង។ ដូច្នេះការសុំលុយប្តីយកទៅដើរលេងក្រុងភ្នំពេញក៏ទំនង ជាមិនធម្មតាដែរបានជានាងហ៊ានផឹកថ្នាំសម្លាប់ខ្លួនយ៉ាងនេះបន្ទាប់ពីសុំលុយស្វាមីមិនបាន ។
បច្ចុប្បន្នក្រុមគ្រួសារបានរៀបចំធ្វើបុណ្យ សពតាមប្រពៃណីហើយ ៕ ហេង នរិន្ទ្រ