ខេត្តស្ទឹងត្រែងៈ រថយន្តគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង ខណៈចេញពីផ្ទះមិត្តភក្តិស៊ីផឹកស្រវឹងធ្លាក់ភ្នែក រេចង្កូតធ្លាក់ប្រឡាយ បះជើងទ្រមេឃបណ្តាលឲ្យតៃកុងរងរបួសត្រូវបានបញ្ជូទៅមន្ទីរពេទ្យយោធភូមិភាគ១ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២.០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងកើតគល់ស្ពានដែក និងខាងលិចផ្សារថ្មី ក្រុងស្ទឹងត្រែង ហៅផ្សារអូរឫស្សី ស្ថិតក្នុងភូមិលើ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
មេប៉ុស្តិ៍សង្កាត់សាមគ្គីឈ្មោះ អ៊ុង សុភក្ត្រ័ បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ វើក ជាមន្ត្រីយោធាបំរើការនៅតំបន់សឹករងខេត្តស្ទឹងត្រែង រថយន្តហាយឡែនឌឺ ពណ៌ស ពាក់ស្លាកលេខ ស្ទឹងត្រែង 2A.0207 ចេញពីស៊ីផឹកបានជួប គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនៅចំណុចខាងកើតហេតុខាងលើ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅផឹកស៊ី លុះ ពេកត្រឡប់មកវិញបានរេចង្កូតធ្លាក់ផ្លូវមកខាងឆ្វេងដៃជិតបុកផ្ទះប្រជាពលរដ្ឋម្តងមកហើយ តែជនរងគ្រោះបានបួងចង្កូតមកវិញ ហើយបានធ្លាក់ចូលប្រឡាយ ផ្ងារជើងឡើងលើតែម្តង ។ ករណីនេះ មិនបណ្តាលឲ្យប៉ះពាល់ដល់អ្នកដទៃឡើយ ។
មន្ត្រីនគរបាលងារជាមេប៉ុស្តិ៍ដែលសង្ស័យជាមិត្តភក្តិយោធាបើករថយន្តធ្លាក់ផ្លូវខាងលើ បានរារាំងអ្នកសារព័ត៌មានថតយករូបភាពសកម្មភាពគ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងនោះមានទាំងប្រើពាក្យសំដី អាកប្បកិរិយាអាងខ្លួនជាមេប៉ុស្តិ៍ និងមានធុំក្លិនស្រាជោកជាំទៀតផង ។ បក្ខពួករបស់ពួកគេ បានដោះស្លាកលេខរថយន្តដែលជួបគ្រោះថ្នាក់នេះទុក។
រថយន្តស្ទួចរបស់គមនាគមន៍បានមកស្ទួចរថយន្តធ្លាក់ប្រឡាយរបស់យោធាខាងលើនេះទៅជួសជុលនៅមុខផ្ទះសំណាក់សុវណ្ណមីនាផងដែរ ៕ មាស សុផាត