ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមករានេះ ធនាគារABA ដែលជាធនាគារពាណិជ្ជក្នុងស្រុកឈានមុខមួយនៅកម្ពុជា បានប្រកាសដាក់សម្ពោធជាផ្លូវការនូវគំរូឡូហ្គោថ្មីរបស់ខ្លួន ដែលបញ្ជាក់ពីសមាជិកក្នុងសម្ព័ន្ធពាណិជ្ជកម្មរបស់ធនាគារជាតិកាណាដា។
កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងបរិវេណធនាគារABA សាខា វិមានឯករាជក្រោមវត្តមាននាយកប្រតិបត្តិនៃធនាគារABA និង ធនាគារជាតិកាណាដា។
ការផ្លាស់ប្តូរឡូហ្គោថ្មីនេះនឹងបញ្ជាក់ឲ្យឃើញពីភាពជោគជ័យរបស់ធនាគាABAក្នុងនាមជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារជាតិកាណាដាដែលបានកា្លយជាម្ចាស់ភាគទុនិកដ៏ធំបំផុតរបស់ធនាគារABAកាលពីឆ្នាំ២០១៦។
ការគាំទ្ររបស់ម្ចាស់ភាគហ៊ុននេះដែលមានភាពរឹងមាំ ធនាគាABA បានចាប់បានឱកាសក្តោបយហកទីផ្សារដែលមានបរិយាកាសប្រកួតប្រជែងខ្ពស់ និងទទួលបានបទពិសោធន៍ឆ្នើមពីធនាគារជាតិកាណាដាដែលមានគ្រឹះយ៉ាងស្តុកស្តម្ភក្នុងវិស័យធនាគារអស់រយៈពេល១៥០ឆ្នាំ។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារABAបានបញ្ជាក់ថា ឡូហ្គោថ្មីនេះនឹងបញ្ជាក់ពីជំហរយ៉ាងរឹងមាំរបស់យើង ភាពច្នៃប្រឌិតខ្ពស់ កិត្តិនាមល្បីល្បាញរបស់យើងក្នុងទីផ្សារ និងការបង្កើនទំនុក ចិត្តខ្ពស់ដល់អតិថិជន។
លើសពីនេះឡូហ្គោថ្មីនេះសបញ្ជាក់ឲ្យឃើញថាធនាគារABAមានការគាំទ្រយ៉ាងរឹងមាំពីស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុដ៏ធំជាងគេក្នុងទ្វីបអាមេរិកខាងជើង។
លោក Louis Vachon នាយកប្រតិបត្តិធនាគារជាតិកាណាដាបានបញ្ជាក់ថាលោកពិតជាមានការរីករាយណាស់ដែលបានចូលរួមក្នុងការសម្ពោធឡូហ្គោធនាគារABAថ្មីដែលជានិម្មិតរូបនៃការប្តេជ្ញាចិត្តរបស់ធនាគារជាតិកាណដាក្នុងទីផ្សារប្រទេសកម្ពុជា។ យើងជឿជាក់ថាជំនាញ បទពិសោធន៍ និងបណ្តាញអាជីវកម្មរបស់យើង នឹងចូលរួមក្នុងដំណើរជោគជ័យនេះបន្តទៅមុខទៀតជាក់ជាមិនខាន។
ជាមួយនឹងការផ្លាស់ប្តូរឡូហ្គោថ្មីនេះ ធនាគារ ABA នឹងបន្តអនុវត្តន៍នូវយុទ្ធសាស្ត្ររបស់ខ្លួន គឺស្របតាមពាក្យស្លោក “ដៃគូដែលលោកអ្នកទុកចិត្តបំផុត” និងបន្តការប្តេជ្ញាចិត្តរបស់ធនាគារជាតិកាណាដា ក្នុងការជួយគាំទ្រដល់សហគ្រិន និងអាជីវកម្ម ការផ្តល់សេវាកម្មប្រកបដោយស្តង់ដារខ្ពស់ និងបន្ត ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុបែបឌីជីថលដល់ប្រជាជនកម្ពុជាទាំងមូល៕ វឌ្ឍនា