ភ្នំពញ៖ ហេតុការណ៍ភ្ញាក់ផ្អើល មួយបន្ទាប់នារីម្នាក់ ខណៈមានប្តីរួចទៅហើយ ពេលប្តីទៅធ្វើការរោងចក្របាត់បានដៃតេហៅប្រុសថ្មីមកដេកអោបរិត តែប្តីមកទាន់ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ២១ជាន់ទី១ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាប្តីដែលការពេញច្បាប់មានឈ្មោះហន ថៃ អាយុ២២ឆ្នាំ មុខរបរធ្វើការរោងចក្រ ជិតបន្ទប់ជួលដែរ មានប្រពន្ធឈ្មោះដួង លីដា អាយុ២៣ឆ្នាំ គ្មានមុខរបរ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិតាំងបន្ទាយ ឃុំវាពន់ ស្រុកស្ពង ខេត្តកំពង់ស្ពឺ ចំណែកប្រុសស្នេហ៍នោះឈ្មោះជៀម នី អាយុ១៩ឆ្នាំ មុខរបរធ្វើការកម្មករសំណង់ នៅភូមិព្រៃទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមសម្ដីបុរសជាប្តីបានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង៦ព្រឹកថ្ងៃទី២៥ គាត់បានចេញពីបន្ទប់ទៅធ្វើការរោងចក្របាត់ដោយទុកប្រពន្ធនៅតែម្នាក់ឯង។ លុះវេលាម៉ោង១១ថ្ងៃត្រង់ជាវេលាដែលរោងចក្រដល់ម៉ោងសម្រាកហូបបាយរូបគាត់ក៏បានមកបន្ទប់ពេលបើកទ្វារស្រាប់តែឃើញប្រពន្ធកំពុងឱបរិតគ្នាជាមួយប្រុសថ្មីទៅវិញ ធ្វើឲ្យចិត្តពុះកញ្ជ្រោលស្ទើរតែទប់អារម្មរណ៍មិនបាន។
បុរសជាប្តីបានបន្តថា រូបគាត់បានរៀបការពេញច្បាប់អស់រយៈពេល៤ឆ្នាំជាងមកហើយ មិននឹកស្មានថាប្រពន្ធរបស់ខ្លួនហ៊ានប្រព្រឹត្តអំពើបែបនេះសោះ ។
ចំណែកបុរសជាសង្សារថ្មីវិញបានប្រាប់ឲ្យដឹងថា រូបគេនិងនារីខាងលើទើបស្គាល់គ្នាមួយរយៈពេលខ្លីតែប៉ុណ្ណោះ ដោយនារី(ប្រពន្ធ)ខាងលើប្រាប់គេ(ប្រុសស្នេហ៍)ថា «រូបនាងនៅក្រមុំមិនទាន់មានប្តីទេ» ទើបរូបគេជឿទុកចិត្តស្រលាញ់គ្នា ហើយព្រឹកថ្ងៃកើតហេតុវេលាម៉ោង៩ព្រឹក នារីម្នាក់នោះបាន តេទូរស័ព្ទមករូបគាត់និងហៅឲ្យមកបន្ទប់ជួលនាង ហើយរូបគេក៏បានមករហូតមកដល់វេលាម៉ោង១១ថ្ងៃដដែលទើបមានបុរសម្នាក់ទៀតមកបន្ទប់ដែរ ដោយអះអាងថា ជាប្តីនាង។
បច្ចុប្បន្នអ្នកទាំង៣នាក់ត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍កាកាបសាកសួរ ៕ សុខាសែនជ័យ