ភ្នំពេញ ៖ ពលរដ្ឋនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅនិយាយដូចៗគ្នាថា អាជ្ញា ធរក្នុងមូលដ្ឋានរបស់ពួកគាត់មិនព្រមចុះទៅបិទទីតាំងបើកល្បែងហ្គេមបាញ់ត្រីនៅសង្កាត់នេះទេ ។ អាជ្ញាធរមូលដ្ឋានធ្លាប់ចុះបង្ក្រាបឱ្យបិទទ្វារដែរ តែម្ចាស់ហ្គេមបាញ់ត្រី នៅតែអាចធ្វើអាជីវកម្មខុសច្បាប់នេះទៀត ដោយគ្មានមន្ត្រីអាជ្ញាធរណាហ៊ានប៉ះពាល់ ទេ ព្រោះតែគេជឿជាក់ថាជននេះ មានខ្នង បង្អែកជាអ្នកធំនៅពីក្រោយ ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅបាននិយាយ ថា នៅក្នុងភូមិរបស់ពួកគាត់កំពុងស្ថិតក្នុងភាពអនាធិបតេយ្យ និងពុំមានសន្តិសុខ សុវត្ថិភាពល្អឡើយ ដោយសារតែមានគេបើកហ្គេមសីុសងជាច្រើនកន្លែង និងមានចោរលួចទ្រព្យសម្បត្តិអ្នកភូមិទៀតផង ។
ពលរដ្ឋសុំមិនបញ្ចេញឈ្មោះម្នាក់បញ្ជាក់ថា នៅក្នុងភូមិអូរអណ្ដូង១ ចាប់ផ្ដើមសំបូរចោរចូលគាស់ផ្ទះ និងចោរឆក់ជាបន្ត បន្ទាប់ ក្រោយពីមានទីតាំងបើកល្បែងហ្គេម បាញ់ត្រីជាច្រើនកន្លែងក្នុងភូមិ និងនៅ ភូមិមួយ ផ្សេងទៀតនៅជាប់គ្នា ស្ថិតក្នុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក៏ដូចគ្នា ដែរ ។ ពលរដ្ឋរូបនេះបញ្ជាក់ថាថ្វីដ្បិតនគរ បាលក្នុងតំបន់ធ្លាប់បើកប្រតិបត្តិការបង្ក្រាបឱ្យបិទល្បែងហ្គេមបាញ់ត្រីខុសច្បាប់នេះ កន្លងមកក្ដី ក៏ម្ចាស់ហ្គេមនោះនៅតែអាចធ្វើ អាជីវកម្មបានដដែល ព្រោះដោយសារមាន មន្ត្រីធំជាខ្នងបង្អែកជាច្រើនកន្លែង ។
ក្រៅពីល្បែងហ្គេមបាញ់ត្រីដែលកំពុងអូសទាញឱ្យយុវជនឈ្លក់វង្វេងចូលលេងយ៉ាងងប់ងុលតាំងពីព្រឹកទល់ព្រលប់នៅក្នុងភូមិក៏នៅមានបញ្ហាក្មេងប្រើប្រាស់គ្រឿងញៀនដោយសេរី និងគ្មានអាជ្ញាធរបង្ក្រាប ដែរ ហើយជួនកាលក្មេងទាំងនោះឈ្លោះកាប់ចាក់គ្នា បង្កការភ័យខ្លាចដល់ពលរដ្ឋ ក្នុងភូមិជារឿយៗ ។
អនុប្រធានភូមិអូរអណ្ដូង១ លោក ស្លៃ ម៉ាន អុលវី ទទួលស្គាល់ថា ការបើកល្បែងហ្គេមដែលជាល្បែងខុសច្បាប់ គឺ មានពិតមែន ប៉ុន្តែលោកថាហ្គេមនេះត្រូវបានបង្ក្រាប ជាច្រើនលើក ដែរ ប៉ុន្តែមិនដឹងជាមូលហេតុអ្វីទើបម្ចាស់ហ្គេមនេះនៅតែអាចបើកបានដដែល ។
អនុប្រធានភូមិអូរអណ្ដូង១រូបនេះបានអំពាវនាវឱ្យអាជ្ញាធរថ្នាក់លើគួរបិទល្បែងហ្គេមបាញ់ត្រីនេះឱ្យបានឆាប់ និងមិនត្រូវ ឱ្យមានទៀតឡើយ ព្រោះលោកមិនចង់ឮ ពាក្យត្អូញត្អែរ និងការទទូចពីពលរដ្ឋក្នុង ភូមិទៀតទេ ។
មន្ត្រីនគរបាលប៉ុស្តិ៍ព្រែកប្រា សុំមិន បញ្ចេញឈ្មោះបញ្ជាក់ថា ពួកលោកអស់កម្លាំងនឹងបង្ក្រាបបទល្មើសល្បែង ឬ ហ្គេម បាញ់ត្រីនេះហើយ ព្រោះថាពួកគាត់ជា មន្ត្រីមូលដ្ឋានខំបំពេញការងាររបស់ខ្លួន តាមច្បាប់ដើម្បីអនុវត្តគោលនយោបាយ របស់រដ្ឋាភិបាលភូមិឃុំមានសុវត្ថិភាព តែ សកម្មភាពបើកល្បែងនេះ នៅតែមានដដែល ហើយម្ចាស់បើកល្បែងនេះមិនញញើត ពួកលោកជាមន្ត្រីនគរបាលមូលដ្ឋាននោះ ឡើយ ។
ប្រជាពលរដ្ឋអះអាងថា ម្ចាស់ហ្គេម បាញ់ត្រីនេះមានបីទីតាំង គឺបើកពីរកន្លែង នៅភូមិ ព្រែកតាពៅ និងមួយកន្លែងនៅ ភូមិអូរអណ្ដូង១ ដែលម្ចាស់ហ្គេមនេះ ជាជនជាតិវៀតណាម ។ អ្នកភូមិចោទ ប្រកាន់ថា ម្ចាស់ល្បែង ឬហ្គេមបាញ់ត្រីនេះ អាចផ្ដល់ផលប្រយោជន៍ទៅលោកអធិការខណ្ឌ និងមាន មន្ត្រីធំផ្សេងទៀតជាអ្នក កាង ។ ក្រៅពីនេះទៀតនៅពេលយប់វិញ គឺមានក្មេងស្ទាវជក់ម៉ា និងហិតកាវយ៉ាងអនាធិបតេយ្យក្នុងភូមិពិសេស ជនជាតិវៀត ណាមឈ្លោះគ្នារញ៉េរញ៉ៃរំខានដំណេកអ្នក ភូមិពេលខ្លះទៀតមានចោរ គាស់ផ្ទះ និងថែមទាំងលួចកាមេរ៉ាសុវត្ថិភាពដែលគេបំពាក់នៅតាមផ្ទះគ្មានញញើតសោះឡើយ ។
ចំពោះបញ្ហាសណ្ដាប់ធ្នាប់នៅតាមផ្លូវសាធារណៈវិញ ការបើកអាជីវកម្មលក់ កាហ្វេ និងបាយដាក់តុដាក់ កៅអីនៅលើផ្លូវ សាធារណៈធ្វើឲ្យអ្នកភូមិពិបាកធ្វើដំណើរ ឆ្លងកាត់ ពិសេសនៅជុំវិញផ្សារបឹងព្រលិត អាជ្ញាធរមូលដ្ឋានហាក់ពុំមានវិធានការរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរនោះទេ ។
ចៅសង្កាត់ព្រែកប្រា ធ្លាប់បានទៅបើកវេទិកាសាធារណៈកាលពីប៉ុន្មានខែមុននៅក្នុងភូមិអូរអណ្ដូង១ ដោយសន្យាថា លោក នឹងកម្ទេចទូហ្គេមទាំងឡាយ និងរៀបចំ សណ្ដាប់ធ្នាប់មិនឱ្យលក់ដូរនៅលើផ្លូវ សាធារណៈទៀតទេ តែមកទល់ពេលនេះ មិនទាន់មានដំណោះស្រាយឡើយ ។
អធិការខណ្ឌច្បារអំពៅ លោក ឯម សារ៉ាវុធ បញ្ជាក់ថា លោកទើបតែបើកកិច្ចប្រជុំវាយតម្លៃចំពោះបញ្ហាបើកល្បែងហ្គេម បាញ់ត្រី ជាមួយអភិបាលខណ្ឌ ហើយ លោកកំពុងរៀបចំកម្លាំងសហការជាមួយ ប្រជាការពារ ដើម្បីដោះស្រាយបញ្ហាជូន ពលរដ្ឋនៅម្ដុំភូមិអូរអណ្ដូង១។ ដោយឡែកចំពោះករណីពលរដ្ឋក្នុងភូមិអូរអណ្ដូង១ លើកឡើងថា មានមន្ត្រីធ្វើជាខ្នងបង្អែកឱ្យម្ចាស់ល្បែងហ្គេមបាញ់ត្រីនោះត្រូវបាន លោក អធិការបញ្ជាក់ថា គឺលោកយល់អំពី បញ្ហានេះ ។
ក្រុមពលរដ្ឋក្នុងភូមិអូរអណ្ដូង១ និង ភូមិព្រែកតាពៅសង្ឃឹមថា ប្រសិនបើអាជ្ញា ធរ អាចបំពេញការងារដោយប្រសិទ្ធភាព ដើម្បីបិទផ្ទះដែលបើកហ្គេមបាញ់ត្រី និង ទប់ស្កាត់បញ្ហាគ្រឿងញៀន និងក្រុមចោរ លួច និងគាស់ផ្ទះបានពួកគាត់នឹងមិន ព្រួយបារម្ភខ្លាំងទៀតឡើយអំពីកូនដែល នឹងអាចគេចសាលា ដែលស្របទៅនឹង គោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រដ្ឋាភិបាល ៕ ហេង នរិន្ទ្រ