ព័ត៌មានទាន់ហេតុការណ៍៖

បញ្ឈរជើងនគរបាលស័ក្តិ៣ឈ្មោះ ខេង សុខា ដែលកាងសង្វៀនបញ្ជល់មាន់នៅ ស្រុកគងពិសី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ ស្ពឺបានបញ្ជាក់កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៧ថា ជនដែលប្រើពាក្យសម្តីមើល ងាយមកសមត្ថកិច្ចនៅស្រុកគងពិសីក្នុង ករណីបើកសង្វៀនបញ្ជល់មាន់ខុសច្បាប់ត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបញ្ជាទៅស្នង ការនគរបាលរាជធានីភ្នំពេញឲ្យដកបញ្ឈរជើងហើយ ។

លោកស្នងការបានលើកឡើងទៀតថា ក្នុងករណីចាប់ល្បែងបញ្ជល់មាន់នោះដែរ លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និង លោកព្រះរាជអាជ្ញា កែវ សុធា នឹងកោះ ហៅមនុស្ស៥នាក់ផ្សេងទៀតដែល ជាប់ពាក់ព័ន្ធក្នុងរឿងនេះឲ្យចូលខ្លួនមកឆ្លើយ បំភ្លឺផងដែរ ។

សូមជម្រាបថា ករណីបង្ក្រាបសង្វៀន បញ្ជល់មាន់ក្នុងភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសីនាពេលកន្លងទៅថ្មីៗនេះពី សំណាក់មន្ត្រីនគរបាលស្រុកគងពិសីឃាត់ បានម៉ូតូ៩គ្រឿង មាន់ជល់៤ក្បាល និង សម្ភារជាច្រើនទៀត។ ក្នុងពេលដែល បង្ក្រាបនោះមានការប្រឈមមុខដាក់គ្នា រវាងសមត្ថកិច្ចនឹងម្ចាស់សង្វៀនបញ្ជល់មាន់ ព្រោះអ្នកបើកកន្លែងខាងលើអះអាងថា ខ្លួន ក៏ជាមន្ត្រីនគរបាលព្រហ្មទណ្ឌក្រុងភ្នំពេញដែរហើយការបង្ក្រាបនេះស្ទើរតែផ្ទុះអាវុធថែមទៀតផង ។

អ្នកបើកសង្វៀនបញ្ជល់មាន់នោះត្រូវបានគេស្គាល់ថា ជាស្ត្រីម្នាក់ឈ្មោះ ចាន់ ណារ៉ា រស់នៅខណ្ឌចំការមន រាជធានីភ្នំពេញ និងបុរសអ្នកកាងជាមន្ត្រីនគរបាលរាជធានីភ្នំពេញដែលអះអាងថាឈ្មោះ ខេង សុខា៕ ហេង សូរិយា

kheng sokha


ចែករំលែក៖