ខេត្តបន្ទាយមានជ័យ៖ គ្រឿងញៀនជាង១២គីឡូក្រាម និងធាតុផ្សំផលិតគ្រឿងញៀនមួយចំនួនធំទៀត ដែលកម្លាំងនគរបាល និងអាវុធហត្ថបង្រ្កាបបានកន្លងមក នៅខេត្តបន្ទាយមាបជ័យ និងបានរក្សាទុកនៅតុលការ បើក និងរាប់ត្រួតពិនិត្យវត្ថុតាងគ្រឿងញៀនពីសំណាក់គណៈកម្មការជម្រុះ ដែលមានសមាសភាពចូលរួម ពីអង្គភាពតុលាការ អាជ្ញាធរខេត្តស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសុំគោលការណ៍ទៅគណៈកម្មការបំផ្លាញគ្រឿងញៀនថ្នាក់ជាតិ ដុតកម្ទេចចោល។
ការត្រួតពិនិត្យគ្រឿងញៀនពីសំណាក់គណៈកម្មការចម្រុះខេត្តបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីលោកព្ររាជអារង តេង សម៉ៃ លោក អ៊ិត សម្ភស្ស អនុប្រធានសាលាដំបូងខេត្ត លោកអ៊ុំ រាត្រី អភិបាលងខេត្ត លោកវរសេនីយ៍ឯក ចាប សុផារិទ្ធ ស្នងការរងទទួលផែនប្រឆាំងបទល្មើសនិង លោក វរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ គ្រាដែលយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសបានកំពុងអនុវត្តមានរយៈពេល៣១ថ្ងៃមកហើយ ក្នុងនោះជនសង្ស័យគ្រឿងញៀនជាង២ពាន់ត្រូវបានកម្លាំងនគរបាលនិងកម្លាំងអាវុធហត្ថធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនយកទៅអនុវត្តច្បាប់។
លោកវរសេនីយ៍ឯក ចាប សុផារិទ្ធ ស្នងការរងទទួលផែនប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា គ្រឿងញៀនដែលគណៈកម្មការចម្រុះ ត្រួតពិនិត្យខាងលើ គឺមានប្រភេទថ្នាំញៀនមេតំហ្វេតាមីនWYស្មើទម្ងន់សរុប១០,៥៩៥.៤ថ្នាំញៀនមេតំហ្វេតាមីនទឹកកកស្មើនិងទម្ងន់សរុប១៧៧២.៣ និងសារធាតុផ្សំគ្រឿងញៀនមួយចំនួនទៀត ដែលតុលាការសម្រេចកាត់ក្តីជាស្ថារពរ ក្រោយពីផ្តន្ទាទោស ជនឧក្រិដ្ឋគ្រឿងញៀនរួចហើយនោះ។
លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថា គណៈកម្មការចម្រុះក៏បានត្រួតពិនិត្យនិងឯកភាពគ្នាឃើញថាហិបដែករក្សាទុកគ្រឿងញៀនមិនមានភាពប្រក្រតីអ្វីនោះឡើយ។
ការត្រួតពិនិត្យឡើងវិញនូវគ្រឿងញៀនខាងលើ ដែលកម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បង្រ្កាបបានកន្លងមកនិងបាន បញ្ជូនរក្សាទុកនៅតុលាការ ។
លោកស្នងការបានបញ្ជាក់ឱ្យដឹងទៀតថា គឺចង់បង្ហាញឱ្យឃើញពីតម្លាភាព នៃការអនុវត្តច្បាប់គ្រឿងញៀន ដើម្បីបង្ហាញឱ្យមហាជនបានឃើញពីការអនុវត្តនីតិវិធីច្បាប់និងការបង្រ្កាបគ្រឿងញៀនរបស់សមត្ថកិច្ចនិងតុលាការអនុវត្តតាមគោលការណ៍ច្បាប់និងមានភាពត្រឹមត្រូវក្នុងការផ្តល់ភាពជឿជាក់ជូនដល់ប្រជាពលរដ្ឋបញ្ចៀសកុំឱ្យមានការសង្ស័យចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋមួយចំនួនមកលើសមត្ថកិច្ចរឺតុលាការពាក់ព័ន្ធនិងគ្រឿងញៀននោះ៕ សំ វិច្ឆិកា