ព័ត៌មានទាន់ហេតុការណ៍៖

មានក្រុមចោរឆ្មក់គប់ដុំថ្មបង្អាក់ការធ្វើដំណើររួចប្លន់ទ្រព្យសម្បត្តិ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋមួយចំនួន ដែលបើកបរម៉ូតូ និងរថយន្តតាមផ្លូវចេញពី ក្រុងប៉ៃលិនឆ្ពោះទៅព្រំដែនកម្ពុជា-ថៃកំពុង កើតក្តីបារម្ភខណៈមានជនសង្ស័យមួយក្រុមតែងតែឆ្មក់ធ្វើសកម្មភាពយកដុំថ្មគប់ពីលើកំពូលកូនភ្នំ បំណងចង់ប្លន់យកម៉ូតូ។ ទីតាំងដែលក្រុមជនសង្ស័យចាំធ្វើសកម្មភាពគឺនៅត្រង់ចំណុចជ្រោះមរណៈ ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃកន្លងទៅ នៅវេលាម៉ោង១១កន្លះយប់ មានបុរសម្នាក់បានបើករថយន្តចេញពីក្រុងប៉ៃលិនឆ្ពោះទៅព្រំដែនកម្ពុជា-ថៃ លុះដល់ចំណុចខាងលើស្រាប់តែត្រូវជនមិនស្គាល់អត្តសញ្ញាណ ១ក្រុមបាននាំគ្នាទៅអង្គុយលើកំពូលកូនភ្នំ រួចយកដុំថ្មគប់ទៅលើរថយន្តបណ្តាលឱ្យចំទ្វារបែកថ្នាំ និងក្រពឹត ។

ពលរដ្ឋបានបន្តថា ជាមួយគ្នានោះមិនថា តែអ្នកបើកបររថយន្តនោះទេ សូម្បីតែអ្នក បើកបរម៉ូតូក៏ត្រូវបានពួកគេគប់ត្រូវឲ្យរងរបួសផងដែរ ប៉ុន្តែមិនមាននរណាហ៊ានឈប់ទេព្រោះខ្លាចពួកគេធ្វើសកម្មភាពប្លន់យកម៉ូតូ ឬទ្រព្យសម្បត្តិ ។

លោក ជុំ វឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់បានឱ្យដឹងថា ខាងលោក ធ្លាប់ចុះល្បាតត្រង់ចំណុចខាងលើដែរ តែ ពេលឃើញនគរបាលចុះទៅដល់ ជន សង្ស័យទាំងនោះបានរត់គេចខ្លួនអស់ លុះពេលស្ងាត់មនុស្សពួកគេក៏មកធ្វើសកម្ម ភាពទៀត ។

យ៉ាងណាក៏ដោយបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ខាងលោកនឹងដាក់កម្លាំងចុះល្បាតបន្តទៀត ដើម្បីរក្សាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ផងដែរថា ទីតាំងខាងលើជាកន្លែងមិនមានផ្ទះប្រជាពលរដ្ឋរស់នៅច្រើនទេ ហើយក៏ដាច់ស្រយាលពីគេ ទើបក្លាយទៅជាកន្លែងល្អសម្រាប់ជនខិលខូចឆ្លៀតឱកាស ។ កាលពី៣ទៅ៤ឆ្នាំមុនទីតាំងនេះក៏ត្រូវបានជនសង្ស័យនាំគ្នាអង្គុយចាំ យកដុំថ្មគប់ម៉ូតូ និងរថយន្តផងដែរ ។ លុះ ក្រោយមកក៏រសាយអស់ទៅវិញដោយសារនគរបាលខ្វែងខ្វាត់តាមចាប់ រហូតដល់ ប៉ុន្មានថ្ងៃនេះ ក្រុមនោះក៏ចាប់ផ្តើមកម្រើក ឡើងវិញ ៕ សហការី

nkd (1) nkd (2)


ចែករំលែក៖