ព័ត៌មានទាន់ហេតុការណ៍៖

ស្នេហាត្រីកោណផ្ទុះឡើងក្រោយពេលបុរសជាប្តីបដិសេធថាមិនដែលរស់នៅជាមួយគ្នា

ចែករំលែក៖

ភ្នំពេញ៖ ស្នេហាត្រីកោណមួយបានផ្ទុះឡើង ក្រោយពេលបុរសជាប្តីបដិសេធថា មិនដែលរស់នៅជាមួយនាង ខណៈដែលបានរស់នៅជាមួយគ្នាអស់រយៈពេលប្រាំពីរឆ្នាំ ធ្វើឱ្យនាងខឹងសម្បារមកប្តឹងចៅសង្កាត់ចោមចៅឱ្យជួយរកខុសត្រូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅបរិវេណសាលាសង្កាតចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីនោះមានឈ្មោះ មាស ហ៊ុយ អាយុ៥៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិព្រឹក្សា ឃុំថ្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

បុរសម្នាក់នេះមានប្រពន្ធដើមឈ្មោះ ហ៊ុន ណាគ្រី អាយុ៥៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិព្រឹក្សាទី២ ឃុំថ្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

រីស្ត្រីប្រពន្ធទី២ ឈ្មោះ ញៀន រ៉ា អាយុ៥០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិដង្កោ ឃុំដង្កោ ស្រុកកំពង់លាវ ខេត្តព្រៃវែង ។

ចំណែកប្រពន្ធទី៣ឈ្មោះ ឆា រ៉ា អាយុ៥៧ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិពានា ឃុំអំពិលក្រៅ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។

យោងតាមស្ត្រីជាប្រពន្ធទី២បានឱ្យដឹងថា រូបគាត់បានរួមរស់ជាមួយគ្នាតាំងពីឆ្នាំ២០០៤មកម្ល៉េះ ព្រមទាំងមានកូនម្នាក់ទៀតផង ហើយរយៈពេលប៉ុន្មានឆ្នាំមុន គាត់បានទៅរស់នៅប្រទេសថៃ ទើបតែត្រឡប់មកនៅស្រុកខ្មែរហើយ ក៏បានរស់នៅជាមួយប្តីនេះឡើងវិញ ហើយការយកគ្នាជាប្តីប្រពន្ធនេះ មិនបានរៀបការ និងចុះអេតាសុីវិលនោះទេ ព្រោះគាត់ដឹងថា បុរសជាប្តីនេះមានប្រពន្ធដើមរួចហើយ ម្យ៉ាងរូបគាត់ក៏ចាស់ដែរ។

រីឯប្រពន្ធទី៣ រួមទាំងកូនប្តីមុនរបស់គាត់បានអះអាងឱ្យដឹងថា រូបគាត់ និងបុរសខាងលើនេះបានរួមរស់ជាមួយគ្នាអស់រយៈពេល៧ឆ្នាំមកហើយ សួរអ្នកណា ក៏ដឹងដែរនៅភូមិទួលពង្រ ហើយបែរជាបុរសជាប្តីនេះឆ្លើយថា មិនដែលរស់នៅជាមួយខ្លួនទៅវិញ ខណៈដែលប្រពន្ធទី២ទៅរស់នៅជាមួយប្តីគាត់ម្នាក់ទៀត នៅឯស្រុកថៃបាត់ ទើបតែនៅពេលនេះប្តីស្លាប់បាត់ ក៏ត្រឡប់មកខ្មែរវិញ មកដណ្តើមប្តីពីគាត់។

ជុំវិញរឿងនេះ បុរសជាប្តីបានអះអាងថា រូបគាត់ និងស្ត្រីទី៣នេះ គ្រាន់តែស្គាល់គ្នារាប់អានគ្នា និងធ្លាប់ផឹកសុីជាមួយគ្នាប៉ុណ្ណោះ មិនដែលរស់នៅជាមួយគ្នានោះទេ។

គាត់បន្តថា គាត់មានប្រពន្ធដើមនៅឯស្រុក និងមានកូនចំនួន៨នាក់ប្រុស៤នាក់ ស្រីបួននាក់ ប្រពន្ធបានដឹងថា គាត់មានប្រពន្ធទី២ តែខណៈពេលនេះប្រពន្ធដើមមិនបានដឹងរឿងឈ្លោះប្រកែកនេះទេ។

ទោះជាយ៉ាងណាស្ត្រីទី២ និងទីបីមិនមានអេតាសុីវិលនោះទេ ក្រោយពីមានការសម្របសម្រួលពីមន្ត្រីសាលាសង្កាត់រួចមក ពួកគាត់ហាក់ស្ងៀស្ងាត់ជាងមុន និងបានត្រឡប់ទៅផ្ទះរៀងៗខ្លួន ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖