ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ទួលសង្កែបានឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងនោះម្នាក់ជាអ្នករត់ម៉ូតូឌុបដោយសង្ស័យប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។
ករណីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៩០៧ ក្រុម១០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១ ឈ្មោះ បូ រ៉ាមី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅបណ្តោះអាសន្នផ្ទះជួលក្បែរទីតាំងវាយកូនហ្គូល ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង, ២ ឈ្មោះ ស៊ឹម សារឹទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះលេខ១៦ ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ និង៣ ឈ្មោះ ជុំ វីរៈ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ កម្លាំងប៉ុស្តិ៍និងប្រជាការពារបានជិះល្បាតនៅតាមដងផ្លូវក្នុងភូមិសាស្ត្រដើម្បីការពារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ លុះមកដល់ចំណុចខាងលើ ក៏ជួបជាមួយជនសង្ស័យ ក៏ឃាត់សួរនាំនិងឆែកឆេរនៅលើខ្លួនពួកគេមានឧបករណ៍សម្រាប់ធ្វើសកម្មភាពមួយចំនួន ដូចទួលណឺវីស សោកាច់កម៉ូតូ ក៏ឃាត់ខ្លួនយកមកស្នាក់ការប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចាត់ការបន្ត ។
បើតាមសម្តីជនសង្ស័យម្នាក់ឈ្មោះ ស៊ឹម សារិទ្ធ បានឲ្យដឹងថា ខ្លួនជាអ្នករត់ម៉ូតូឌុបហើយមិនដឹងថា ជាមុខសញ្ញានោះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនមកជាមួយ ។ ប៉ុន្តែសមត្ថកិច្ចបានបញ្ជាក់ថា ទោះជាការឆ្លើយរបស់ជនឈ្មោះ សារិទ្ធ បែបនេះក៏ដោយ តែយ៉ាងណាចាំឲ្យរូបគេឆ្លើយនៅចំពោះមុខតុលាការចុះ ៕ អរុណរះ