ខេត្តបន្ទាយមានជ័យ៖ ក្មេងឃ្វាលគោបានប្រទះឃើញសាកសពបុរសម្នាក់នៅក្នុងវាលស្មៅ បង្កការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យធ្វើកោសល្យវិច័យ ។
ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចវាលស្រែតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក អាត់ ខែម ក្រោយទទួលព័ត៌មានខាងលើនេះ បានចុះត្រួតពិនិត្យដោយផ្ទាល់នៅកន្លែងប្រទះឃើញសាកសព ។ នៅជិតកន្លែងសាកសព មានប្រទះឃើញពូថៅដៃមួយផងដែរ ដែលករណីនេះ លោកស្នងការបានសន្និដ្ឋាន ជនរងគ្រោះត្រូវបានជនល្មើសធ្វើឃាតហើយយកមកទុកចោលនៅទីតាំងខាងលើនេះដើម្បីបង្វែរដាន ។
លោកស្នងការបន្តថា សាកសពនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ សាកសពស្លៀកខោខ្លី ពាកក់អាវយឺត សម្បុរសណ្តែកបាយ ។ ក្រោយពិនិត្យរួច ត្រូវបានយកទៅតម្កល់ទុកនៅវត្តជប់បុរី ដើម្បីស្វែងរកសាច់ញាតិបន្តទៀត ក៏ដូចជាធ្វើបុណ្យតាមប្រពៃណី និងបើកការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណា