ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីសពាក់ស្លាកលេខ នគរបាលបត់ចូលក្នុងក្លិប ហ្ស៊ូក ត្រូវម៉ូតូមួយគ្រឿងជិះមកបុកចំពីចំហៀងបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសន្លប់ស្ដូកស្ដឹង ខណៈរូបគាត់បានជិះម៉ូតូទៅបុករថយន្តមួយគ្រឿងដែលបត់ឆ្វេងចូលក្លឹបកំសាន្តមួយកន្លែងបណ្ដាលអោយរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០០ និង ៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចមុខក្លឹប ហ្សូ៊ក ស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចសុីសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ នគរបាល ២-៨៧៦៨ ជិះដោយបុរសបីនាក់ ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានបត់ឆ្វេងចូលក្នុងក្លឹបហ្សូ៊កយ៉ាងលឿននិងមិនបានបើកសុីញ៉ូនោះទេ ហើយស្រាប់តែពេលនោះ ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE 1646 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពី លិចមកកើត ក្នុងល្បឿនលឿនហើយបានជ្រុលទៅបុកទ្វារថយន្តមួយគ្រឿងនោះចំទ្វារខាងក្រោយខាងស្ដាំរថយន្តបណ្ដាលអោយជនរងគ្រោះរងរបួសបែកក្បាលធ្ងន់ធ្ងរ រីឯម៉ូតូវិញខូចខាតផ្នែកខាងមុខទាំងស្រុង ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនរស្មីដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដោយសារតែសភាពរបស់ជនរងគ្រោះធ្ងន់ពេក រីឯរថយន្ត និងម៉ូតូត្រូវបានខាងសមត្ថកិច្ចចរាចរណ៍ក្រុងចុះមកវាស់វែងនិងបញ្ជូនរថយន្តនិងម៉ូតូព្រមទាំងម្ចាស់រថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

 

seiha (1) seiha (2) seiha (3) seiha (4)


ចែករំលែក៖