ព័ត៌មានទាន់ហេតុការណ៍៖

ដីបរិវេណសាលាបឋមសិក្សាប្រាសាទស្រុកកំពង់ត្របែកចេះតែរួញខ្លី

ចែករំលែក៖

ខេត្តព្រៃវែង៖ ទីធ្លាសាលាបឋមសិក្សា ប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវគេសង្កេតឃើញថា ពោរពេញទៅ ដោយទឹកសម្អុយ ដែលបង្ហូរមកពីតាមផ្ទះប្រជាពលរដ្ឋជាអ្នកលក់ដូរនៅក្បែររបងសាលា។ ករណីនេះត្រូវអាជ្ញាធរបញ្ជាក់ថា បានកើតមានជាច្រើនឆ្នាំមកហើយ តែ អាជ្ញាធរហាក់ពុំមានដំណោះស្រាយ ដែលវាបានក្លាយទៅជាកង្វល់របស់អាណាព្យាបាល ចំពោះសុខភាពកូនៗរបស់ពួកគាត់ដែលរៀននៅសាលាបឋមសិក្សាប្រាសាទនោះ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ១ ជាប់នឹងរបងសាលាបឋមសិក្សាប្រាសាទតែងតែចោលកាក់សំណាល និង បង្ហូរទឹកសម្អុយដែលមានក្លិនអសោចិ៍ចូល មកក្នុងបរិវេណសាលាជារៀងរាល់ថ្ងៃ ។

អ្នកស្រី ព្រាប សុមាលី នាយកសាលា បឋមសិក្សាប្រាសាទបានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរស់នៅចំណុចខាង លើ គឺពិតជាបានបង្ហូរទឹកស្អុយរលួយចូល បរិវេណសាលាពិតមែន ហើយវាមានរយៈ ពេលជាច្រើនឆ្នាំមកហើយ គឺតាំងពីពេលដែលគាត់នៅមិនទាន់ធ្វើនាយកសាលាម៉្លេះដោយក្នុងនោះអ្នកភូមិក៏បានរំលោភយកដី បរិវេណសាលាថែមទៀត ។

នាយកសាលារូបនេះបានបញ្ជាក់ថា ករណី នេះគាត់បានធ្វើលិខិតស្នើឲ្យអភិបាលស្រុកកំពង់ត្របែកជួយរកដំណោះស្រាយជារៀងរាល់ឆ្នាំ តែមកដល់ពេលបច្ទុប្បន្ននៅតែមិនទាន់ទទួលបានដំណោះស្រាយល្អឡើយ ។

លោក ចាន់ រ៉ាន អភិបាលស្រុកកំពង់ ត្របែកបានមានប្រសាសន៍ថា រឿងនេះ លោកបានដឹង ហើយក៏ទទួលស្គាល់ដែរថា វាពិតជាកើតមានជាច្រើនឆ្នាំមកហើយ, ហើយមូលហេតុដែលដោះស្រាយមិន ចេញ ពីព្រោះតែភាគីពលរដ្ឋនិងលោកគ្រូអ្នកគ្រូមិនព្រមសម្រុះសម្រួលគ្នាតាមនីតិវិធីគឺម្នាក់ៗចង់យកតែឈ្នេះរៀងៗខ្លួន ទើបរឿងនេះគាំងមកដល់ពេលបច្ទុប្បន្ន ។ តែ យ៉ាងណា លោកនឹងបន្តដោះស្រាយរឿងនេះឲ្យចប់នៅពេលឆាប់ៗខាងមុខនេះ ៕ សហការី

preveng pursat


ចែករំលែក៖