ព័ត៌មានទាន់ហេតុការណ៍៖

អ្នកកត់កន្ទុយលេខម្នាក់ត្រូវបានព្រះរាជអាជ្ញារងខេត្តតាកែវដោះលែងជាថ្នូរនឹងប្រាក់២ពាន់ដុល្លារ

ចែករំលែក៖

ខេត្តតាកែវ៖ សមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋបានឲ្យដឹងថា បុរសចំណាស់ដែលជាអ្នកកត់កន្ទុយលេខតាមភូមិម្នាក់ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវបញ្ជាឲ្យដោះលែងជាថ្នូរនឹងប្រាក់២ពាន់ដុល្លារបន្ទាប់ពីត្រូវបានឃុំខ្លួនមួយ យប់នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវនោះ ។

ជនសង្ស័យឈ្មោះ អ៊ុក ថាន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិព្រៃតាខាប ឃុំ គូស ស្រុកត្រាំកក់ ខេត្តតាកែវត្រូវបានសមត្ថ កិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនកាលពី រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោម បទស្ដីពីល្បែងស៊ីសងដោយដកហូតបាន វត្ថុតាងរួមមានម៉ូតូ១គ្រឿង និងក្រដាស កត់ឆ្នោតកន្ទុយលេខ១ចំនួន ។

ផ្អែកតាមប្រភពថា ដោយឃុំខ្លួនបាន ១យប់គឺនៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៧ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវលោក ផាន់ សុភ័ក្ត្រ ក៏បានឲ្យគ្រួសារជនសង្ស័យទៅរកលុយឲ្យខ្លួន២ ពាន់ដុល្លារ ហើយក៍បានបញ្ជាឲ្យមានការដោះលែងតែម្ដង ។

ពាក់ព័ន្ធបញ្ហានេះកាសែតនគរវត្តមិនអាចស្វែងរកការបំភ្លឺពីលោក ផាន់ សុភ័ក្ត្រ ដែលរងការចោទប្រកាន់បានទេ ដោយសារ តែទូរស័ព្ទរបស់លោកបិទការហៅចូល។ ប៉ុន្តែយ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវបានថ្លែងទទួលស្គាល់ថា កម្លាំងរបស់លោកពិតជាបានឃាត់ខ្លួនពលរដ្ឋ ដែលជាអ្នកកត់កន្ទុយលេខខាងលើ ហើយ ក៏បានដោះលែងវិញនៅរសៀលថ្ងៃទី៥ ខែកុម្ភៈប្រាកដមែន ។

លោកបញ្ជាក់ថា ការដោះលែងនេះគឺ ធ្វើតាមបញ្ជាលោក ផាន់ សុភ័ក្ត្រ តែទាក់ ទងរឿងលុយ២ពាន់ដុល្លារលោកសុំមិន ទទួលខុសត្រូវទេ។ លោកបន្តថា ក្រុមលោក គ្មានសិទ្ធិដោះលែងអ្នកណាម្នាក់ទេបើគ្មានបញ្ជាពីព្រះរាជអាជ្ញា។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ស្ថាប័នព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវក៏រងការចោទប្រកាន់ផងដែរពាក់ ព័ន្ធរឿងចាប់មាន់ជល់និងមនុស្សរួចលែង វិញជាថ្នូរនឹងការយកលុយដាក់ហោប៉ៅ ៕ ហេង សូរិយា

 


ចែករំលែក៖