ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបនៅតែចាត់ទុកតំបន់គ្រីមៀជារបស់អ៊ុយក្រែនដដែល

ចែករំលែក៖

ទំនាក់ទំនងរវាងរុស្ស៊ីនឹងអឺរ៉ុបនៅតែបន្ត ប្រឈមមុខតានតឹងដាក់គ្នាដដែល បើទោះបីទំនាក់ទំនងរុស្ស៊ីនិងអាមេរិកមាន សញ្ញាល្អប្រសើរក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ ក៏ដោយ។ ការប្រឈម មុខតានតឹងរវាងរុស្ស៊ីនឹងអឺរ៉ុបនោះគឺការ មិនទទួលស្គាល់តំបន់គ្រីមៀដែលពេលនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ក្រោយការបោះឆ្នោតប្រជាមតិពលរដ្ឋនៅក្នុងតំបន់នោះ។

ជាមួយគ្នានេះអឺរ៉ុបក៏បានប្រកាសបន្ត ពន្យារពេលដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀតបើទោះបីអាមេរិកមិនចូលរួមដាក់ទណ្ឌកម្មដូចកាលពីមុនក្តី។ ការដាក់ទណ្ឌកម្មនោះនឹងធ្វើឲ្យអឺរ៉ុបក៏ដូចរុស្ស៊ីបន្តខាតបង់ដូចគ្នា។

កន្លងមកនៅសហរដ្ឋអាមេរិកលោក ប្រធានាធិបតី ដូណាល់ ត្រាំ បានចេញមុខការពារសមភាគីលោកពូទីនជាថ្មីនៅចំពោះ មុខមហាជនអាមេរិកាំង។ លោក ត្រាំ បាន បញ្ជាក់ថា លោកនឹងបន្តបង្កើនទំនាក់ទំនង និងបន្តនិយាយជាមួយលោកពូទីនដើម្បីស្វែងរកកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយ ឲ្យបញ្ហាពិភពលោក។ ជំហរគាំទ្រលោក ពូទីន ជាថ្មីរបស់លោក ដូណាល់ ត្រាំ ពេលនេះបានទទួលរងការរិះគន់យ៉ាងខ្លាំងពី សំណាក់ក្រុមប្រឆាំង និងពីសមាជិកខ្លះនៅក្នុងគណបក្សសាធារណរដ្ឋរបស់ លោក។

នៅក្នុងបទសម្ភាសន៍ចាក់ផ្សាយដោយទូរទស្សន៍ Fox News លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីពីឆន្ទៈរបស់លោកក្នុងការស្វែងរកទំនាក់ទំនងល្អប្រសើរជាមួយ លោកប្រធានាធិបតីរុស្ស៊ី ពូទីន។ លោក ដូណាល់ ត្រាំ បាននិយាយច្បាស់ៗថា លោកគោរពលោក ពូទីន តែនេះមិនមែន មានន័យថា លោកនឹងយល់ស្របតាម លោក ពូទីន នោះទេ និងថាលោក ពូទីនជាមេដឹកនាំក្នុងប្រទេសរបស់គាត់ ហើយលោកគួរតែមានទំនាក់ទំនងល្អជាមួយរុស្ស៊ី ជាជាងមានទំនាក់ទំនងតានតឹង។

ឆ្លើយតបនឹងចំណាប់អារម្មណ៍របស់អ្នកកាសែតដែលថា លោក ពូទីន ជាឃាតក លោក ដូណាល់ ត្រាំ បែរជាបង្វែរចម្លើយ គួរឲ្យភ្ញាក់ផ្អើលដោយចោទជាសំណួរបក វិញថា តើអស់លោកអ្នកគិតថាប្រទេស របស់យើងពិតជាគ្មានកំហុសឬ? ចម្លើយបកជាសំណួររបស់លោកត្រាំរបៀបនេះ បានទទួលរងការរិះគន់យ៉ាងចាស់ដៃភ្លាមៗ ពីក្រុមអ្នកប្រឆាំងក៏ដូចពីសមាជិកខ្លះនៅ ក្នុងគណបក្សសាធារណរដ្ឋរបស់លោកត្រាំ។ លោក Mitch McConnell ប្រធានក្រុមគណបក្សសាធារណរដ្ឋនៅព្រឹទ្ធសភាបានថ្លែងថា គេពិតជាមិនអាចប្រៀបប្រដូចពីការគិត និងការធ្វើរបស់រុស្ស៊ីទៅនឹងការគិត និងការធ្វើរបស់អាមេរិកបានទេ។

ប្រធានកិច្ចការបរទេសរបស់សហភាព អឺរ៉ុបលោកស្រី Federica Mogherini កាលពីថ្ងៃចន្ទទី៦ ខែកុម្ភៈ បានដឹកនាំកិច្ច ប្រជុំប្រចាំខែរបស់រដ្ឋមន្ត្រីការបរទេសមកពីរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ ២៨រដ្ឋធ្វើឡើងនៅក្នុងទីក្រុងប៊្រុចសែល ដើម្បីពិភាក្សាលើស្ថានភាពនៅក្នុងប្រទេស អ៊ុយក្រែនដែលបានទ្រុឌទ្រោមយ៉ាងខ្លាំងក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះគឺជារបៀបវារៈកំពូលរបស់កិច្ចប្រជុំរដ្ឋមន្រ្តីទាំងអស់នោះ ។

សហភាពអឺរ៉ុប (EU) បានទទួចថា ខ្លួននឹងមិនទទួលស្គាល់ការដាក់បញ្ចូលតំបន់គ្រីម៉ៀ (Crimea) របស់ប្រទេសអ៊ុយក្រែន ក្លាយជាកម្មសិទ្ធិ របស់ប្រទេសរុស្ស៊ីនោះទេ និងបានជំរុញឲ្យគ្រប់ភាគីទាំងអស់អនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk យ៉ាងពេញ លេញស្របពេលដែលមានការលេចចេញ ជាថ្មីនៃអំពើហិង្សានៅតំបន់ភាគខាងកើតអ៊ុយក្រែន។

ក្នុងកិច្ចប្រជុំនោះដែរអ្នកតំណាងមួយ រូបបានឡើងថ្លែងថា ស្ថានភាពនៅភាគ តំបន់ខាងកើតប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគឺពិតជាគួរ ឲ្យព្រួយបារម្ភខ្លាំងណាស់សម្រាប់ពួកយើង ដូច្នេះនៅពេលដែលយើងសំដៅទៅលើ ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀង ទីក្រុង Minsk ហើយយើងពិតជារំពឹងទុកថា ការប្រយុទ្ធគ្នានឹងត្រូវបានបញ្ឈប់នៅទីនោះនិងដំណើរការសន្តិភាពមួយអាចត្រូវបានចាប់ផ្ដើមយ៉ាងមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា នៅក្នុងតំបន់ចំនួនពីរទាំង តំបន់ Donetsk និង Lugansk មានស្ថានភាព តានតឹងផ្នែកប្រដាប់អាវុធកាលពីសប្ដាហ៍មុននេះដែលការប្រយុទ្ធបានផ្ទុះឡើងរវាងយោធារដ្ឋាភិបាលអ៊ុយក្រែននឹងក្រុមសកម្ម ប្រយុទ្ធគាំទ្រឯករាជ្យភាពដែលបានបណ្ដាល ឲ្យមានមនុស្សរាប់សិបនាក់ស្លាប់ និងរបួស ភាគខាងច្រើនជាជនស៊ីវិល៕ ម៉ែវ សាធី

iu


ចែករំលែក៖