ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌមានជ័យបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលយក អាយផេត

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវចាប់ខ្លួនបាន ក្រោយពីជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួល ចូលលួចយកអាយផេត របស់ពលរដ្ឋមួយគ្រឿងបានសម្រេច។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទួលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើ មានឈ្មោះ បូ លីនុ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ និងម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះ គង់ ហុត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។

ចំណែកជនរងគ្រោះមិនស្គាល់ពីអត្តសញ្ញាណនោះទេ ព្រោះក្រោយពីកើតហេតុ គឺបានផ្លាស់ប្តូរទីលំនៅចេញពីកន្លែងកើតហេតុ មិនដឹងទៅរស់នៅទីណានោះទេ។

ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង២និង៣០នាទី កម្លាំងល្បាតនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ឋាន ពេលមកដល់ចំណុចផ្លូវ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក៏ប្រទះឃើញជនសង្ស័យឈ្មោះ បូ លីនុ និងឈ្មោះ គង់ ហុត កំពុងដើរតាមផ្លូវ មានការសង្ស័យ កម្លាំងសមត្ថកិច្ចបានហៅត្រួតពិនិត្យ ស្រាប់តែជនសង្ស័យទាំង២នាក់ បានរត់គេច តែត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងដោយ លោក ហួរ ម៉េងវ៉ាង អធិការរងទទួលបន្ទុកផែនយុត្តិធម៌នគរបាលខណ្ឌមានជ័យ ធ្វើការដេញចាប់ខ្លួនបានជនសង្ស័យម្នាក់ យកមកធ្វើការសាកសួរ ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួន ចូលទៅបឹងក្រោមផ្ទះប្រជាពលរដ្ឋបាត់ស្រមោល។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានសារភាពថា ពួកគេបានធ្វើសកម្មភាពលួចយក អាយផេត១គ្រឿងនៅចំណុចផ្ទះជួល ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំបុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១និង៣០នាទីយប់ ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៧ ។ ភ្លាមៗនោះសមត្ថកិច្ចបាននាំជនសង្ស័យខាងលើ ទៅបង្ហាញកន្លែងកើតហេតុ តែជនរងគ្រោះជាម្ចាស់ផ្ទះនិងជាម្ចាស់អាយផេត បានចេញទៅរស់នៅកន្លែងផ្សេងក្រោយពីកើតហេតុបាត់ទៅហើយ ដោយពុំបានមកដាក់ពាក្យបណ្តឹងនោះទេ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុនសាកសួរ និងបញ្ជូនខ្លួនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕ តាឡឹម

dwe


ចែករំលែក៖