ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស បានដាក់បទបញ្ជាតឹងរ៉ឹងមួយក្នុងការបង្ក្រាបគ្រឿងញៀន ដោយទុករយៈពេលតែមួយខែ ក្នុងការបង្ក្រាបនៅភូមិត្រពាំងឈូក នៅខណ្ឌសែនសុខ ទល់មុខពេទ្យលោកសង្ឃ ដែលស្ថានភាពនោះ ជាកន្លែងមួយជាអបគមន៍គ្រឿងញៀន ហើយយើងនឹងដាក់ផែនការសកម្មភាពនីមួយៗ ដើម្បីកំណត់គោលដៅចែកចាយគ្រឿងញៀនឲ្យបានច្បាស់ ។
លោកអភិបាលរាជធានី បានដាក់បទបញ្ជាឲបយអាជ្ញាធរ ខណ្ឌទាំង ១២ ត្រូវកំណត់ពីគោលដៅ មុខសញ្ញា និងមានវិធានការណ៍សម្រាប់អនុវត្តន៍ការបង្ក្រាបគ្រឿងញៀន និងចុះធ្វើរដ្ឋបាលស្រង់ស្ថិតិអ្នកស្នាក់នៅឲ្យបានច្បាស់លាស់ និងក្តាប់ឲ្យបានថាម្ចាស់ផ្ទះពិតប្រាកដ ជាពិសេសក្នុងរយៈពេលមួយខែនេះត្រូវតែបង្ក្រាបគ្រឿងញៀនឲ្យអស់ពីតំបន់ត្រពាំឈូកនេះ ។
លោកបានដាក់បញ្ជាបែបនេះ ក្នុងខណៈ កិច្ចប្រជុំជាមួយគណៈបញ្ជាការឯកភាពខណ្ឌទាំង១២ កាលពីរសៀលថ្ងៃទី ០៧ កុម្ភៈ ឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញ ។
លោកអភិបាល បានណែនាំឲ្យដាក់ចេញនៅគោលដៅដូចជា៖បញ្ជាការឯកភាពខណ្ឌ ត្រូវប្រជុំឲ្យបានទៀងទាត់រៀងរាល់សប្តាហ៍ ដោយមានការចូលរួមទាំងកងកម្លាំង ប៉ូលិស អាវុធហត្ថ ក្នុងការរក្សាឲ្យបាននូវភូមិសង្កាត់មានសុវត្ថិភាព។
លោកបានបញ្ជាក់ ” ករណីគ្រឿងញៀននេះ កុំនិយាយថាមិនដឹងឲ្យសោះ បើយើងធ្វើការនៅក្នុងមូលដ្ឋានរបស់យើង ហើយឆ្លើយថាមិនដឹងកន្លែងគ្រឿងញៀន លក់គ្រឿងញៀន ប្រើប្រាស់គ្រឿងញៀន ប្រហែលជាយើងបានបំភ្លេចនូវតួនាទីមួយដ៏សំខាន់របស់អាជ្ញាធររដ្ឋបាលយើងនៅក្នុងមូលដ្ឋានហើយ អីចឹងត្រូវដាក់គោលដៅបង្រ្កាប”។
លោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ជាអធិបតីក្នុងអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។ ការពិភាក្សាបានផ្តោតសំខាន់នោះស្តីពី ផែនការ បង្ការ បង្ក្រាប គ្រឿងញៀនគ្រប់ទីកន្លែងនៅក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាឲ្យបាននៅយុទ្ធសាស្រ្ត ភូមិ សង្កាត់ មានសុវត្តិភាព និងរក្សាសន្តិសុខ សុវត្ថិភាព។
លោកប៉ា សុជាតិវង្ស បានដាក់បញ្ជាឲ្យមន្ទីរសង្គមកិច្ច និងមន្ទីរសុខាភិបាល ទំនាក់ទំនងជាមួយអង្គការសង្គមស៊ីវិល ដើម្បីផ្តុំគ្នាក្នុងគោលដៅមានបេសកម្មលើការព្យាបាល បន្សាប និងស្តារនីតិសម្បទា ចំពោះជនរងគ្រោះ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី មិន សុផេត ស្នងការរងរាជធានីភ្នំពេញ និងលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខណ្ឌសែនសុខ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំរដ្ឋបាលខណ្ឌសែនសុខ បានបើកប្រជុំជជែកគ្នាលំអិត ស្តីពី ផែនការការងារទីបញ្ជាការស្រាល ដើម្បីអនុវត្តឲ្យបានជោគជ័យការងារបង្រ្កាបគ្រឿងញៀន តំបន់ត្រពាំងឈូក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕ សំរិត