ខេត្តព្រះសីហនុ៖ ត្រាក់ជាច្រើនសន្លឹកត្រូវបានគេប្រទះឃើញកាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមុខសាលាខេត្តព្រះសីហនុ និងខ្លះទៀតនៅមុខមន្ទីរពេទ្យបង្អែកខេត្ត ។ ខ្លឹមសារនៃត្រាក់នោះ មានការចោទប្រកាន់ទៅលើលោកប្រធានមន្ទីរពេទ្យថា ប្រព្រឹត្តអំពើពុករលួយ និងគ្មានដំណោះស្រាយពីថ្នាក់ដឹកនាំក្រសួង ។
មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្រុងព្រះសីហនុមិនដឹងមិនឮអំពីការបាចត្រាក់នេះទេ ដោយគេអះអាងថា ទំនងជាមានត្រាក់តិចតួចហើយប៉ើងបាត់ ដែលសេសសល់ខ្លះត្រូវគេប្រទះភ្នែកឃើញតាមចិញ្ចើមផ្លូវ ។
នៅក្នុងត្រាក់មួយសន្លឹក ដែលភ្នាក់ងារកាសែតនគរវត្តរើសបាន បានសរសេរថា ក្រុមមន្ត្រីរងភាពអយុត្តិធម៌ពីប្រធានមន្ទីរពេទ្យដែលពុករលួយ ស្នើឲ្យមានការស៊ើបអង្កេតស្រាវជ្រាវច្បាស់លាស់ ដើម្បីផ្តល់យុត្តិធម៌សម្រាប់ពួកគេ ។ គេបានសរសេរថា យើងខ្ញុំជាវេជ្ជបណ្ឌិត, គ្រូពេទ្យ គិលានុប្បដ្ឋាកយិកានៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានកើតទុក្ខមិនសុខចិត្តដោយរងនូវអំពើពុករលួយ និងបក្ខពួកនិយម, គ្មានតម្លាភាព ដូច្នេះ ស្នើឲ្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាក្រសួងសាម៉ីពិនិត្យកំហុសឆ្គងដូចដែលលោកប្រធានមន្ទីរពេទ្យបានប្រព្រឹត្តរួមមាន៖
១ អំពើពុករលួយ៖ បើកកង់ទីន និងកន្លែងផ្ញើកង់ម៉ូតូក្នុងមន្ទីរពេទ្យ ដោយពុំមានការដេញថ្លៃ ដែលជាមូលហេតុធ្វើឲ្យបាត់បង់ចំណូលហិរញ្ញប្បទានសម្រាប់មន្ទីរពេទ្យ និងថវិការជាតិ ដែលសេវានេះ កាលពីលោកប្រធានមន្ទីរពេទ្យមុន(លោកវេជ្ជបណ្ឌិត ចាន់ វិបុល) រកបានចំណូល២.០០០.០០០រៀល ក្នុងមួយខែ ។ បច្ចុប្បន្ននេះលោកសេង ណុង គាត់គ្រប់គ្រងមន្ទីរពេទ្យបានចំនួន២៦ខែមកហើយ តែចំណូលពីសេវានេះត្រូវបានបាត់បង់ទាំងស្រុង ។
– ការកាប់ដើមឈើធំៗក្នុងបរិវេណមន្ទីរពេទ្យចំនួន១៣ដើម ដែលមានអាយុមិនតិចជាង៥០ឆ្នាំ ហើយដើមឈើនីមួយៗមានកម្ពស់ផ្តឹតពី១.២ម៉ែត្រទៅ២ម៉ែត្រ យកទៅធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងបក្ខពួកផ្ទាល់ខ្លួនមួយចំនួនតូច ។
– ចំណាយថវិកាហិរញ្ញប្បទានច្រើនហួសហេតុទៅលើការផ្គត់ផ្គងម្ហូបអាហារសម្រាប់បុគ្គលិកយាមប្រចាំការ ដោយគ្មានការដេញថ្លៃ ហើយគុណភាពអាហារទៀតសោត មិនស័ក្តិសមនឹងតម្លៃ ។
២ បក្ខពួកនិយម និងគ្មានតម្លាភាព៖ អ្នកផ្គត់ផ្គង់អាហារសម្រាប់បុគ្គលិកយាមប្រចាំការ ឱសថ និងសម្ភារបរិក្ខាពេទ្យ ជាមនុស្សតែម្នាក់ ដែលជាបក្ខពួករបស់ខ្លួន ។
– ចាត់ការបុគ្គលិកទៅរៀនបន្ថែម ឬទៅសិក្ខាសាលាមិនត្រឹមត្រូវតាមជំនាញបច្ចេកទេស និងដោយអត្តនោម័ត ។
– អនុញ្ញាតច្បាប់ឈប់សម្រាកឲ្យបក្ខពួករបស់ខ្លួនមានរយៈពេលយូរ(លើសពី១ខែ) ។
ទាក់ទងបញ្ហាខាងលើនេះ មិនអាចស្វែងរកការបំភ្លឺបានទេពីលោក សេង ណុង ពីព្រោះគ្មានលេខទូរស័ព្ទ ៕ ហេង សូរិយា