ភ្នំពេញ៖ មុខសញាប្រើប្រាស់ និងជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ និងថ្នាំញៀន៨ កញ្ចប់តូច ៥ កញ្ចប់ធំរួមជាមួយដាវសាំម៉ូរៃមួយដេីមត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យធ្វើការឃាត់ខ្លួនក្រោយចុះធ្វើរដ្ឋបាល។
កិច្ចប្រតិបត្តិការនេះចុះបង្ក្រាបកាលពីវេលាម៉ោង១១និង១៥នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិដំណាក់ធំៗ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
កិច្ចប្រតិបត្តិការណ៍នេះ ដឹកនាំកម្លាំងដោយលោក ហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ បានសហការជាមួយលោក ម៉ៅ សាវឿន មេប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ក្រោយពីរបានចុះរដ្ឋបាលនៅទីតាំងខាងលើ ហើយបានធ្វើការចែកឆេរនូវបន្ទប់ជួលរបស់ជនសង្ស័យមានឈ្មោះ យូ ហេង ភេទប្រុសអាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុខាងលើ ក៏បានរកឃើញគ្រឿងញៀន៥កញ្ចប់ធំ និង៨កញ្ចប់តូច រួមនឹងដាវសាំមូរៃមួយ ជញ្ជីងសម្រាប់ថ្លឹងថ្នាំចំនួន២គ្រឿង និងសម្ភារៈជក់មួយចំនួនទៀតនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យខាងលើ ។
បន្ទាប់ពីឆែកឆេររួចមក ខាងសមត្ថកិច្ចបាននាំយកជនសង្ស័យ រួមជាមួយ នឹងវត្ថុតាងមកប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីសួរនាំកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការរដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនិតិវិធីច្បប់ ៕ ភារ៉ា ដង្កោ