ព័ត៌មានទាន់ហេតុការណ៍៖

កក្រើកម៉ាខេត្តកំពង់ឆ្នាំង ក្មេងប្រុសម្នាក់ត្រូវគេចាក់ច្រវាក់នឹងរបងឫស្សីទាំងកណ្តាលថ្ងៃក្តៅ

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង ៖ លោកយាយម្នាក់ទប់កំហឹងមិនបាន កចាប់ចៅបង្កើតយកមកវ៉ៃ និង យកច្រវាក់មករុំដៃ ចងភ្ជាប់នឹងរបងឫស្សី បន្ទាប់ពីលោកយាយបានបាត់លុយជាច្រើនលើករកមិនឃើញ ទើបដឹងច្បាស់ពេលនេះ ។

ហេតុការណ៍នេះ ធ្វើអោយមានការភ្ញាក់ផ្អើល និងដឹងដល់សមត្ថកិច្ចមកជួយអន្តរាគមន៍ កាលពីវេលាម៉ោងម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

លោក ឈួន សិរីរ័ត្ន នាយប៉ុស្តិ៍រដ្ឋបាលកំពង់ហៅបានអោយដឹងថា លោកយាយដែលវាយចៅបង្កើតខ្លួនឯងនេះ មានឈ្មោះ អឿ យឿន អាយុ៦៦ឆ្នាំ ចំណែកក្មេងប្រុសមានឈ្មោះ សល់ ដាវីត អាយុ៧ឆ្នាំ ។

លោកនាយប៉ុស្តិរដ្ឋបាលកំពង់ហៅ បានអោយដឹងទៀតថា មូលហេតុដែលធ្វើអោយលោកយាយប្រព្រឹត្តកំហុសឆ្គងដោយអចេតនានេះ គឺបន្ទាប់ពីលោកយាយបានដឹងថា ចៅប្រុសរបស់គាត់បានលួចលុយចំនួន១៣ម៉ឺនរៀល ដែលគាត់ខំសន្សំបានតិចតួចទុកទៅបុណ្យទានោះ យកទៅចាយវាយជាមួយមិត្តភក្តិនៅសាលាអស់រលីង ។

នៅចំពោះមុខសមត្ថកិច្ចលោកយាយបានរៀបបរាប់ថា កន្លងមកគាត់តែងតែបាត់លុយ ជាញឹកញាប់ ប៉ុន្តែមិនដឹងថា អ្នកណាជាអ្នកយកនោះទេ ទើបចុងក្រោយនេះ គឺគាត់បាត់លុយ អស់១៣ម៉ឺនរៀល ហើយក្មេងអ្នកជិតខាងប្រាប់ថា អាវីត មិនដឹងបានលុយមកពីណាទេ ចាយសុទ្ធតែក្រដាស់១ម៉ឺនរៀល ស្របពេលនឹងគាត់បាត់លុយនេះផង ពេលចៅប្រុសនេះមកពីសាលាវិញ គាត់បានហៅសួរនាំ ទើបដឹងថា ចៅប្រុសនោះបានលួចលុយគាត់ពិតមែន ។ ដោយទ្រាំនឹងកំហឹងមិនបាន លោកយាយបានយករំពាត់វាយទៅលើចៅទាំងកណ្តាលថ្ងៃត្រង់ដោយអោយដោះអាវ ដោយសារតែខឹងខ្លាំងពេកនិងស្តាយលុយដែលខំរកត្រូវចៅលួចអស់រលីងនោះ គាត់បានអូសដៃចៅទៅក្បែររបងរួចយកច្រវ៉ាក់រុំដៃចៅភ្ជាប់និងក្លោងទ្វាររបងឬស្សី ធ្វើអោយអ្នកក្បែរខាងឃើញក៍រាយការណ៍ទៅសមត្ថកិច្ចមកអោយជួយអន្តរាគមន៍តែម្តង ។

ក្នុងពេលសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ លោកយាយបានប្រាប់ថា គាត់គ្មានចេតនា នឹងធ្វើរបៀបនេះទេ ប៉ុន្តែដោយសារខឹងផង និង ស្តាយលុយផង ទើបធ្វើដូច្នេះ ក្នុងគោលបំណងអោយវារាងចាលម្តង ព្រោះថាលុយបាត់ជាច្រើនលើកហើយទើបលើកនេះគេដឹងហើយយកមកប្រាប់គាត់ ។

ក្រោយពីសាកសួររួចសមត្ថកិច្ចអោយលោកយាយធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពបែបនេះ ព្រោះជាទង្វើមួយដែលផ្ទុយនឹងច្បាប់រដ្ឋ ដែលអាចនឹងមានទោស ។ ក្រោយពីធ្វើកិច្ចសន្យារួច សមត្ថកិច្ចអោយលោកយាយត្រឡប់ទៅផ្ទះវិញ ៕ ចន្ថា

 


ចែករំលែក៖