ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងពីខណ្ឌចំការមនបានសម្រេច ហើយរត់គេចខ្លួនចូលមកទឹកដីខណ្ឌដូនពេញជាប់ខ្នោះដៃសមត្ថកិច្ចតែម្តង ។
ករណីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៧និង១០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចដីឡូត៍លេខ៨ ផ្លូវលេខ៧៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពីបទ លួចម៉ូតូ នៅចំណុចមុខផ្ទះលេខ៤៦ ផ្លូវលេខ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវឃាត់ខ្លួនទី ១.ឈ្មោះហេង បូណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួលម្តំបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន។ ទី២.ឈ្មោះ ឆូ រ៉ាមីន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួល សង្កាត់ទួលទំពូង ទី២ ខណ្ឌចំការមន ។ ទី៣.ឈ្មោះ សុខ ចាន់រឿន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដមានទីលំនៅផ្ទះជួលភូមិច្រាំបាក់សង្កាត់ច្បារអំពៅខណ្ឌច្បារអំពៅ ។
វត្ថុតាងចាប់យកបានមាន ម៉ូតូម៉ាកស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE4674(បានប្រគល់អោយជនរងគ្រោះវិញ)។ ម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល1E2321 និងដែកចុងស្រួច ភ្ជាប់កូនសោសម្រាប់កាច់សោកម៉ូតូមួយ(ជារបស់ជនសង្ស័យ) ។ ជនរងគ្រោះឈ្មោះ ហេង សំណាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ស តារា