ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះ បើកសវនាការកាត់ទោសយុវជនម្នាក់ដែលបង្ហោះវីដេអូតាមហ្វេសប៊ុកដាក់បណ្តាសាប្រមាថអាយុជីវិតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ។
មន្ត្រីពន្ធនាគារ បញ្ជាក់ថា យុវជនរូបនេះឈ្មោះ វ៉ែន សុភាព ហៅ សាម ភាព អាយុ២៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ គំរាមកំហែងថានឹងសម្លាប់ និង ញុះញង់ឲ្យមានការរើសអើង តាមមាត្រា២៣៣និងមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ ។
នាពេលសវនាការ យុវជនរូបនេះ សារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ។ រីឯលោក ស៊ិន វីរៈ តំណាងអយ្យការ សន្និដ្ឋានតម្កល់បទចោទប្រកាន់នេះ ទុកជាបានការដដែល ។
ប៉ុន្តែក្រោយការសួរដេញដោល លោកចៅក្រម លី សុខលេង បានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះវិញ ។
គួររំលឹកថា យុវជនរូបនេះ ត្រូវបាននគរបាលខេត្តព្រៃវែង ឃាត់ខ្លួនរួចបញ្ជូនមកក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យឈ្មោះ សាម ភាព អាយុ២៧ឆ្នាំ មានទីលំនៅភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីសាកសួរបំភ្លឺ ពាក់ព័ន្ធនឹងករណី ប្រើទំព័រហ្វេសប៊ុកបង្ហោះវីដេអូឃ្លីបដាក់បណ្តាសាប្រមាថអាយុជីវិតសម្តេចតេជោនាយករដ្ឋមន្ត្រី ។
នៅដំណាក់កាលសមត្ថកិច្ច យុវជនរូបនេះ និយាយថា ” ចាប់ខ្ញុំនេះ ខ្ញុំដឹងតើ ខ្ញុំមិនមែនរកសីុគ្រឿងញៀនទេ គឺចាប់ជេររដ្ឋាភិបាល ” ៕ ចេស្តា