សារព័ត៌មាន AFP បានផ្សាយថា កូរ៉េខាងជើង សាកល្បងបានជោគជ័យនូវប្រភេទមីស៊ីលឆ្លងទ្វីបរយៈចម្ងាយមធ្យម Puguksong-2 កាលពីថ្ងៃទី១២ ខែកុម្ភៈ ។
កន្លងមក រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងបានបាញ់ចេញពីទីតាំង Banghyon ស្ថិតនៅតំបន់ភាគខាងជើង ខេត្ត Pyongan កូរ៉ខាងជើង ដោយមីស៊ីលនោះបានហោះហើរឆ្ពោះទៅកាន់ សមុទ្រជប៉ុន។
នៅថ្ងៃទី១២ ខែកុម្ភៈ សហគមន៍អឺរ៉ុប បានរិះគន់យ៉ាងខ្លាំង ដល់កូរ៉េខាងជើង ដែលបានសាកល្បងកាំជ្រួចមីស៊ីល ដោយចាត់ទុកថា នោះជាសកម្មភាព ឌឺដងមិនអាចទទួលយកបានឡើយ។ នេះជាការបំពាន់ច្បាប់អន្តរជាតិជាថ្មីម្តងទៀត របស់រដ្ឋភិបាលទីក្រុងព្យុងយ៉ាង។
អ្នកនាំពាក្យ ក្រសួងទទួលបន្ទុកកិច្ចការបរទេសរបស់អឺរ៉ុបបានបញ្ជាក់ថា «កូរ៉េខាងជើង ត្រូវតែបញ្ចប់រាល់ការសាកល្បងកាំជ្រួចមីស៊ីល ក៏ដូចជាកម្មវិធីអាវុធមីស៊ីលបរមាណូតាមសំណើរបស់អង្គការសហប្រជាជាតិ» ។
ទន្ទឹមនឹងនោះ អឺរ៉ុបក៏បានស្នើឲ្យកូរ៉េខាងជើងវិលត្រឡប់ចូលតុពិភាក្សាជាមួយសហគមន៍អន្តរជាតិ ។ ជាមួយគ្នានេះ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខកិច្ចការបរទេស លោកស្រី Federica Mogherini នឹងពិភាក្សា លើបញ្ហាបច្ចេកទេស ស្តីពីសកម្មភាពតបតរបស់សហគមន៍អន្តរជាតិទៅលើកូរ៉េខាងជើង។
ក្នុងថ្ងៃជាមួយគ្នានោះដែរ បារាំងក៏បានថ្កោលទោស ពីការបាញ់សាកល្បង មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ។ នេះជាលើកទីមួយ កូរ៉េខាងជើងបានសាកល្បង មីស៊ីលចាប់តាំងពីប្រធានាធិបតីអាមេរិកដូណាល់ ត្រាំឡើងកាន់តំណែង។
នៅក្នុងសេចក្តីប្រកាស ក្រសួងការបរទេសបារាំងបានបញ្ជាក់យ៉ាងច្បាស់ថា «បារំាងថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង កាលពីថ្ងៃទី១២ ខែកុម្ភៈ ។ នេះជាការបំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ។ បារំាង និងសហការជាមួយដៃគូនៅតំបន់អាស៊ី ពិសេសគឺប្រទេសដែលរងការគំរាមកំហែងពីកូរ៉េខាងជើងតែម្តងដើម្បីទប់ស្កាត់ ការវាយប្រហារដោយមីស៊ីលពីកូរ៉េខាងជើង» ។
ក្នុងពេលជាមួយគ្នានេះដែរ ទីព្រឹក្សាសន្តិសុខនៅសេតវិមាន លោក Stephen Miller បានបញ្ជាក់ថា អាមេរិកបានសន្យាការពារសម្ព័ន្ធមិត្ត នៅតំបន់អាស៊ី ប្រឆាំងនិងសកម្មភាពរបស់កូរ៉េខាងជើង។
ចំពោះរុស្ស៊ីវិញ ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសរបស់សភា រុស្ស៊ី លោក Konstantin Kosachev បានបញ្ជាក់ថា រាល់ការតបត និងការដាក់ទណ្ឌកម្មរបស់កូរ៉េខាងជើង ជាឯកតោភាគីនោះ នឹងបង្កឲ្យស្ថានភាពកាន់តែតានតឹងថែមទៀត។ លោកបន្តទៀតថា «រាល់សកម្មភាពជាឯកតោភាគីរបស់អាមេរិក និងកូរ៉េខាងត្បូង ឬជប៉ុន ទៅលើការសាកល្បង កាំជ្រួចមីស៊ីល នឹងធ្វើឲ្យ ភាពតានតឹងកាន់តែខ្លាំងឡើង» ៕ ម៉ែវ សាធី