ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿនដល់ផ្លូវកោងបត់អត់ទាន់ជ្រុលបុកដើមថ្កូវស្លាប់២ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជន២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ម្នាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូឌុបគ្នាបើកលឿនជ្រុលទៅបុកដើមថ្កូវពេញមួយទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមផ្លូវគ្រួសក្រហម ស្ថិតផ្លូវលេខ២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

ប្រធានផ្នែកនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងលោក មុយ អ៊ីម បានអោយដឹងថា ជនរគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ១.ឈ្មោះ ឡេង រចនា ភេទប្រុស អាយុ២០ឆ្នាំ ២.ឈ្មោះ រុន វណ្ណៈ ភេទប្រុស អាយុ៣២ឆ្នាំ ជនរងគ្រោះទាំងពីរនាក់នេះស្លាប់នៅនឹងកន្លែងកើតហេតុ មានទីលំនៅក្នុងភូមិហង្សឈូក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និង ទី៣.ឈ្មោះ អេង វៀងហាំង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

លោកប្រធានបានអោយដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់បានជិះម៉ូតូម៉ាកហុងដា សេ ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១GG-៩៣១៣ បើកបរដោយឈ្មោះឡេង រចនា ទិសដៅពីជើងទៅត្បូងដោយល្បឿនយ៉ាងលឿន បើកបរក្នុងស្ថានភាពស្រវឹង នៅពេលមកដល់ចំណុចកើតហេតុ ដោយសារស្ថានភាពផ្លូវកោងជនរងគ្រោះមិនអាចបត់ទាន់ ក៍ជ្រុលទៅបុកដើមថ្កូវមួយដើមដែលនៅក្បែរនោះ ពេញមួយទំហឹង បណ្តាលអោយប្រកាច់ស្លាប់២នាក់ភ្លាមៗតែម្តង នង ម្នាក់ទៀតរងរបួសធ្ងន់ ។ ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ត្រូវ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារមកដឹកយកទៅធ្វើបុណ្យនៅស្រុកសាមគ្គីមានជ័យ ៕ ចន្ថា

t5 (3) t5 t5 (1) t5 (2)


ចែករំលែក៖