ព័ត៌មានទាន់ហេតុការណ៍៖

ចោរសមុទ្រវាយប្រហារប្លន់នាវាដឹកទំនិញវៀតណាមចាប់នាវិក៧នាក់

ចែករំលែក៖

នាវាដឹកទំនិញ Giang Hai របស់វៀតណាមដឹកស៊ីម៉ងត៍រួមជាមួយនាវិក១៧នាក់នៅលើនាវាត្រូវបានចោរសមុទ្រវាយ ប្រហារប្លន់នៅតំបន់សមុទ្រហ្វុីលីពីន។

ក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូនអន្តរជាតិបានឲ្យដឹងថា នាវាដឹកស៊ីម៉ងត៍ពីប្រទេស ឥណ្ឌូនេស៊ីទៅកាន់ហ្វុីលីពីន ហើយនៅ ពេលធ្វើដំណើរដល់ជិតកោះ Sulu របស់ ហ្វុីលីពីនក៏ត្រូវចោរសមុទ្រវាយប្រហារនៅវេលាម៉ោង១៨ថ្ងៃទី១៩ខែកុម្ភៈ។ ចោរ សមុទ្របានចាប់នាវិក៧នាក់ក្នុងនោះមាន ប្រធាននាវិក ជាងម៉ាស៊ីន និងបំផ្លាញសម្ភារ ជាច្រើននៅលើនាវា។

នៅពេលដែលក្រុមចោរសមុទ្រវាយ ប្រហារនៅលើនាវាមាននាវិក១៧នាក់ ប៉ុន្តែក្រុមចោរសមុទ្រចាប់តែមនុស្សសំខាន់ នៅលើនាវា៧នាក់ប៉ុណ្ណោះ ចំណែកនាវិក១០នាក់ផ្សេងទៀតមិនមានសមត្ថភាព បញ្ជានាវាខាងលើនោះឡើយ ទើបក្រុម ចោរសមុទ្រទុកឲ្យអណ្តែតនៅលើសមុទ្រ។

នៅពេលនេះដែរក្រុមហ៊ុនបានសហការ ជាមួយភាគីពាក់ព័ន្ធដើម្បីបញ្ជូននាវាខាងលើចូលទៅកាន់កំពង់ផែនៅជិតបំផុត។ ចំណែកនាវិកត្រូវបានក្រុមចោរសមុទ្រ យកធ្វើជាចំណាប់ខ្មាំង។ មកទល់ពេលនេះ មិនទាន់មានព័ត៌មានពីការទាមទារប្រាក់ ប៉ុន្មានពីក្រុមចោរនៅឡើយ។

កន្លងមករដ្ឋាភិបាលហ្វុីលីពីនបានស្នើឲ្យចិននិងអាមេរិកជួយយាមល្បាតទប់ស្កាត់ ការវាយប្រហារប្លន់នាវាពីសំណាក់ក្រុមចោរសមុទ្រ។ ប្រធានាធិបតីហ្វុីលីពីន លោក Rodrigo Duderte បានស្នើដល់ ប្រទេសចិនឲ្យបញ្ជូនកប៉ាល់យាមល្បាត មកជួយការពារដែនសមុទ្ររបស់ខ្លួនទប់ស្កាត់ក្រុមភេរវកម្មអ៊ិស្លាមអាប៊ូសៃយ៉ាហ្វ វាយប្រហារ ប្លន់ ចាប់ជំរិតនាវានៅតំបន់ សមុទ្រភាគខាងត្បូងប្រទេសនេះ។

លោក ឌុយទែរតេ បាននិយាយទៅកាន់ មេបញ្ជាការកងទ័ពហ្វុីលីពីនថា «ខ្ញុំនឹង សួរចិនថាតើពួកគេអាចជួយយាមល្បាត នៅសមុទ្រអន្តរជាតិដោយមិនចាំបាច់ចូលក្នុងដែនអធិបតេយ្យរបស់ប្រទេសណាមួយ បានដែរឬទេ?»។

មេដឹកនាំហ្វុីលីពីនបានបញ្ជាក់យ៉ាង ច្បាស់ថា បណ្តានាវាចិនដែលបំពេញការងារយាមល្បាតជួយដល់ទីក្រុងម៉ានីល ហើយអ្វីដែលហ្វុីលីពីនត្រូវការនោះគឺនាវាយាមល្បាតមិនមែននាវាចម្បាំងនោះឡើយ។ លោក ឌុយទែរតេ បញ្ជាក់ទៀតថា លោក ត្រូវការតែនាវាយាមល្បាតមិនត្រូវការនាវាចម្បាំងឡើយ។ ប៉ុន្តែលោកបដិសេធ ចំពោះការបំផ្លើសថា តើភាគីចិនយល់ព្រមជួយយាមល្បាតដែរឬទេ តាមសំណើរបស់ ហ្វុីលីពីន?

កន្លងមកទីក្រុងម៉ានីលធ្លាប់បានព្រមាន ថា ក្រុមភេរវកម្មកំពុងព្យាយាមបង្កើតតំបន់ គ្រប់គ្រងនៅតំបន់អាស៊ានក្នុងនោះមានហ្វុីលីពីន ដោយមានការជួយពីក្រុមភេរវកម្ម IS។ បច្ចុប្បន្នក្រុមអាប៊ូសៃយ៉ាហ្វជាក្រុមភេរវ កម្មនៅក្នុងតំបន់ដើរតួនាទីចាប់ជំរិត ប្លន់នា វាដឹកទំនិញនៅតំបន់សមុទ្រ ស្ថិតនៅដែន ជម្លោះប្រទេសម៉ាឡេស៊ី និងហ្វុីលីពីន។

តាមតួលេខរបស់អង្គការអន្តរជាតិនៅក្នុងឆ្នាំ២០១៦ មានការចាប់ជំរិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១០ឆ្នាំកន្លងមក ហើយតំបន់សមុទ្រនៅភាគខាងត្បូងប្រទេស ហ្វុីលីពីនកាន់តែគ្រោះថ្នាក់សម្រាប់នាវា ដឹកទំនិញឆ្លងកាត់។

នៅពេលហ្វុីលីពីនកំពុងជាប់មានជម្លោះ ដណ្តើមដីកោះជាមួយចិននៅសមុទ្រចិន ខាងត្បូង តែប្រធានាធិបតីហ្វុីលីពីន ឌុយ ទែរតេ វិញបែរជាបើកចំហស្វាគមន៍វត្ត មានកប៉ាល់ចិននៅសមុទ្រភាគខាងត្បូងហ្វុីលីពីន។ កាលពីថ្ងៃអង្គារកន្លងទៅប្រធានាធិបតីហ្វុីលីពីន ឌុយទែរតេ បានថ្លែងថា លោកបានសុំជំនួយពីចិនចង់ឲ្យចិនបញ្ជូនកប៉ាល់ល្បាតរបស់ខ្លួនទៅក្នុងសមុទ្រស៊ូលូ ដែលស្ថិតនៅចន្លោះប្រទេសម៉ាឡេស៊ី និង ហ្វុីលីពីន។

ការិយាល័យចរាចរណ៍ជើងទឹកអន្តរ ជាតិបានវាយតម្លៃថានៅខែនេះចំនួនចាប់ជំរិតបានកើនឡើងខ្ពស់នៅក្នុងដែនទឹកភាគ ខាងត្បូងហ្វុីលីពីន។ ឥណ្ឌូណេស៊ីដែល បានចូលរួមល្បាតដែនទឹកជាមួយហ្វុីលីពីន និងម៉ាឡេស៊ីបានព្រមានថា សមុទ្រស៊ូលូនឹងក្លាយជាអនាគតសមុទ្រសូម៉ាលី ដែលកប៉ាល់ទំនិញឧស្សាហ៍រងគ្រោះដោយ ការវាយប្រហារចាប់ជំរិតទារលុយពីចោរ សមុទ្រ។

សូមបញ្ជាក់ថា ក្រុមឧទ្ទាមអាប៊ូសៃយ៉ាហ្វ បានភ្ជាប់ខ្លួនទៅក្រុមជីហាដអង្គការរដ្ឋ អ៊ិស្លាម។ សម្រាប់លោកប្រធានាធិបតីហ្វុីលីពីនក្រុមទ័ពព្រៃហ្វុីលីពីនដែលរស់ អាស្រ័យលើលុយបានមកពីការចាប់ជំរិតមនុស្ស និងកប៉ាល់ទំនិញកំពុងចង់ពង្រីក ឥទ្ធិពលយកកោះមីនដាណាវមកធ្វើជា ទឹកដីកាលីហ្វានៅអាស៊ី៕ ម៉ែវ សាធី

2399374


ចែករំលែក៖