អំពើពុករលួយរបស់មេគយច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យត្រូវបាន ឈ្មួញ អាជីវករ និងប្រជាពលរដ្ឋដែលរកស៊ីនាំទំនិញចេញចូលតាមច្រកនេះបើកកកាយ ជាបន្តបន្ទាប់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានដឹងឮហើយចាត់វិធានការ ទប់ស្កាត់។ ប៉ុន្តែរហូតមកដល់ពេលនេះមេគយធំបែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយបណ្តោយឲ្យមេគយប្រចាំច្រកអូរស្មាច់ប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃ។ មន្ត្រីគយតូចតាចក្នុងខេត្តឧត្តរមានជ័យបានបង្ហើបឲ្យដឹងថា ការដែលមេ គយច្រកអូរស្មាច់ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺបានត្រូវរ៉ូវគ្នាពីប្រធានសាខាគយខេត្តឧត្តរមានជ័យផងដែរ ។
សមត្ថកិច្ចពាក់ព័ន្ធនៅច្រកអូរស្មាច់បានឲ្យដឹងថាមេគយច្រកនេះកំពុងកាក់កបក្នុង ការប្រមូលលុយពីឈ្មួញដឹកជញ្ជូនទំនិញចេញចូលតាមច្រកនេះ ហើយក្រុមនគរបាល អន្តោប្រវេសន៍ក៏កំពុងធ្វើសកម្មភាពប្រហែលគ្នាផងដែរ។ ប្រភពបានឲ្យដឹងទៀតថា មេគយប្រចាំ ច្រកអូរស្មាច់ គាបសង្កត់យកលុយពីឈ្មួញតូចតាចដែលរកស៊ីនាំចូលនាំចេញទំនិញបន្តិចបន្តួចតាមច្រកនេះដោយពុំមានការយោគយល់ឡើយ។ ចំណែក ឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ បែរជាគេបណ្តោយឲ្យឈ្មួញទាំងនោះធ្វើអ្វីៗតាមអំពើចិត្តដែលជាហេតុធ្វើឲ្យរដ្ឋខាត បង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ។
មួយរយៈពេលចុងក្រោយនេះសមត្ថកិច្ចគយប្រចាំច្រកអូរស្មាច់បានបើកដៃឲ្យក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅប្រទេសថៃយ៉ាងពេញបន្ទុកដោយរាប់ក្បាលរថយន្តយក លុយតាមរបៀបពុករលួយយ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់។ ប្រភពពីប្រជាពល រដ្ឋរស់នៅក្បែរច្រកទ្វារអន្តរជាតិអូរស្មាច់បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៧មានរថយន្តជាច្រើនគ្រឿងដឹកជញ្ជូនធ្យូងទៅប្រទេសថៃយ៉ាងរលូនដោយ សារសមត្ថកិច្ចគយពុករលួយគិតគូរតែរឿងផលប្រយោជន៍ ៕