ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋនៅខេត្ត ក្រចេះ ជាពិសេសស្រុកព្រែកប្រសព្វ និង ស្រុកសម្បរណ៌បានលើកឡើងស្រដៀង គ្នាថា បើទោះបីតម្លៃដំឡូងមីថោកដកលក់មិនអាចចំណេញក៏ដោយក៏ពួកគាត់បង្ខំចិត្តដកលក់ដើម្បីដោះស្រាយបំណុលធនាគារឯកជនប្រសើរជាងធ្វើចំណាកស្រុក ។
បើតាមសម្តីប្រជាពលរដ្ឋបានលើកឡើង ថា ការចំណាយទុនដាំដុះតាំងពីដំណាក់កាលដំបូងទាំងទុនដាំដុះភ្ជួររាស់ដីដាំដំឡូង គឺត្រូវចំណាយក្នុងមួយហិកតាមិនក្រោម១លានរៀលទៅ១,៥លានរៀលឡើយ ហើយ ទុននៃការចំណាយទាំងអស់សុទ្ធសឹងខ្ចី បុលលុយធនាគារឯកជន និងបណ្តាក់ជី ថៅកែដើម្បីយកមកបង្កបង្កើនផល ។
ប្រជាពលរដ្ឋបន្តថា ស្រាប់តែពេល កសិផលបានទិន្នផលបែរជាតម្លៃចុះថោកមិនអាចទទួលយកបាន គឺធ្លាក់រហូតដល់១ គីឡូក្រាមតម្លៃ៣០០-៤០០រៀលសម្រាប់ ដំឡូងហាលស្ងួត។ ដោយឡែកសម្រាប់ ដំឡូងស្រស់គឺគ្មានហាងឆេងតែម្តង។ ការធ្លាក់ថ្លៃផលិតផលកសិផលដល់កម្រិតនេះធ្វើឲ្យបញ្ហាជីវភាពពួកគាត់កាន់តែជួបការលំបាកជាងមុន ព្រោះពេលលក់ទៅឲ្យ ឈ្មួញវិញដកដំឡូង១ហិកតាលក់មិនបានលុយ១លានរៀលផង ។
ពាក់ព័ន្ធនឹងបញ្ហាប្រឈមខាងលើកន្លង មកមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តធ្លាប់បានពន្យល់ថា បញ្ហាតម្លៃកសិផលវាមិនមែនកើត ឡើងតែខេត្តក្រចេះនោះទេគឺវាជាបញ្ហា ទូទៅដោយសារវាជាទីផ្សារសេរីយើងមិនអាចកំណត់តម្លៃឲ្យឈ្មួញទិញតាមបញ្ជាបានឡើយ តែពលរដ្ឋនៅមូលដ្ឋាននៅពេល មានបញ្ហាបែបនោះកើតឡើងត្រូវសហការគ្នាដោយបង្កើតឬចងក្រងជាសហគមន៍ ហើយលក់ទៅឲ្យឈ្មួញក្នុងតម្លៃដែលយើង អាចទទួលយកបានប្រសើរជាជាងលក់ ប្រញាប់ប្រញាល់ប្រកួតប្រជែងគ្នាដែលជាកត្តាមួយក្នុងចំណោមកត្តាផ្សេងទៀតធ្វើ ឲ្យឈ្មួញក្រឡុកតម្លៃតាមចិត្ត ។
បញ្ហានេះក្រសួងកសិកម្មក៏ដូចជាក្រសួង ពាណិជ្ជកម្មគួរដាក់ចេញវិធានការច្បាស់ លាស់ដើម្បីធានាថា ការប្រកបរបរដាំដំណាំ កសិកម្មរបស់ប្រជាកសិករមិនប្រឈមនឹង ហានិភ័យដូចសព្វថ្ងៃនេះឡើយ។ បើមិន ដូច្នោះទេប្រជាកសិករនឹងបន្តធ្វើចំណាក ស្រុកមិនខានឡើយ ៕ ហេង សូរិយា