កណ្តាល:តៃកុងឡានស្ទើរភ្លើងម្នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ដើម្បីស៊ើបអង្កេតករណីបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សស្លាប់៣នាក់និងរបួសធ្ងន់ស្រាល១៥នាក់ ។
លោក ទេព មុនិន្ទ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បញ្ជាក់ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ថា តៃកុងឡានរូបនេះ ត្រូវបានលោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ បន្ទាប់ពីលោកព្រះរាជអាជ្ញារង ហេង ផេង សម្រេចចោទប្រកាន់ពីបទ បើកបរធ្វេសប្រហែសបណ្តាលឲ្យស្លាប់និងរបួសអ្នក ដទៃ តាមមាត្រា៨៣ និង មាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ។
លោកបន្ថែមថា រហូតមកទល់ពេលនេះ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច គឺ មានមនុស្ស៣នាក់ហើយ ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ និងមនុស្សជាច្រើននាក់ទៀតបានរងរបួសធ្ងន់ស្រាល ។
គួររំលឹកថា យ៉ាងហោចណាស់មនុស្ស១៨នាក់ បានរងរបួសធ្ងន់ និងស្រាល និង បានស្លាប់ជាបន្តបន្ទាប់ ក្នុងគ្រោះថ្នាក់ចរាចរមួយបានកើតឡើង បង្កដោយម្ចាស់រថយន្ត ម៉ាកFuso បើកបរដោយឈ្មោះ ប៊ុន ឆវ័ន្ត អាយុ២០ឆ្នាំ រស់នៅ ភូមិត្រពាំងជ្រៃ ឃុំព្រះវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងល្បឿនលៀនមិនប្រកាន់ស្តាំ ជ្រុលចង្កូតទៅបុក រថយន្តសាំងយ៉ុងមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AL-5485 បើកបរក្នុងទិសដៅពីកើតទៅលិច បញ្ច្រាសទិសគ្នា បុកគ្នាពេញទំហឹង បណ្តាលឲ្យតាជី យាយជី ដែលមកពីធ្វើបុណ្យនៅខេត្តព្រៃវែងវិញ ផ្លោងខ្ទាតចេញពីរថយន្តរបួសធ្ងន់ និងស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង១៤៖៤០ រសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៧ ត្រង់ចំណុចមុខសាលាអនុវិទ្យាល័យហ៊ុនសែនខ្ពបវែង លើផ្លូវជាតិ១១៥ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
លោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌិតអធិការក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះទាំងអស់មានចំនួន១៨នាក់ ៕ ចេស្តា