ភ្នំពេញ៖ ក្រោយពីមានអ្នកជំនាញស្រាវជ្រាវ បានអះអាងថា មានវត្ថុបុរាណជាច្រើនបន្សល់ទុកតាំងពី មុនគ្រឹស្ដសករាជ ស្ថិតនៅរាយប៉ាយ ក្នុងភូមិសាស្រ្តភូមិដើមចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រួចមក ក្រុមការងារជំនាញកំណាយ បានបង្កើតស្ថានីយ៍បុរាណវិទ្យាមួយ ឈ្មោះថា «ស្ថានីយភូមិមូលជើងឯក» ដើម្បីកកាយរកវត្ថុបុរាណទាំងនោះ យកមករក្សាទុកជាសម្បត្តិជាតិ។
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ «ពិធីកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯក» ត្រូវបានប្រារព្ធឡើងក្រោមវត្តមាន លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកឧត្តមសេនីយ៍ត្រី លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ រួមដំណើរដោយមន្រ្តីក្រោមឱវាទជាច្រើនរូប ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ព្រមទាំងតំណាងអង្គភាព ស្ថាប័នពាក់ព័ន្ធ និងនិស្សិតផ្នែកបុរាណវិទ្យាជាច្រើនរូប។
កំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកនេះ គឺអនុវត្តគម្រោងដោយក្រសួងវប្បធម៌ សហការជាមួយគណៈកម្មការយូណេស្កូជាតិកម្ពុជា សាលារាជធានីភ្នំពេញ និងរាជបណ្ឌិត្យសភាកម្ពុជា។
លោករដ្ឋលេខាធិកា ជុច ភឿន បានឲ្យដឹងថា ការរៀបចំកំណាយនៅស្ថានីយ៍ភូមិមូលជើងឯក នាថ្ងៃនេះ គឺដើម្បីស្វែងរកសម្ភារប្រើប្រាស់ពីសម័យបុរាណ ដែលបានបន្សល់ទុកតាំងពី សម័យមុនគ្រឹស្តសករាជ ដែលពីមុនទីតាំងនេះ បើតាមអ្នកជំនាញខាងបុរាណវិទ្យា បានឲ្យដឹងថា «ជាចំណុចកណ្តាលមួយ ដែលមេទ័ពខ្មែរធំៗ មិនត្រឹមតែបោះទីតាំងនៅប៉ុណ្ណោះទេ ថែមទាំងបានផលិតនូវសម្ភារជាច្រើន សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅស្រុក» ដែលវត្ថុទាំងអស់នេះ គឺជាស្នាដៃរបស់បុព្វបុរសខ្មែរបន្សល់ទុក។
លោករដ្ឋលេខាធិការបានបន្តថា ការធ្វើកំណាយគាស់កកាយនៅថ្ងៃនេះ គឺក្នុងគោលបំណង ដើម្បីប្រមែប្រមូល យកមកថែរក្សាទុកជាទ្រព្យសម្បត្តិជាតិ និងទុកបង្ហាញកូនចៅជំនាន់ក្រោយ ឲ្យបានយល់ដឹង និងបានស្គាល់ ព្រោះសម្ភារទាំងអស់នោះ គឺជាការសម្គាល់នូវដួងព្រលឹង អត្តសញ្ញាណរបស់ជាតិខ្មែរ ដែលកូនខ្មែរគ្រប់រូបគ្រប់ជំនាន់ ការពារឲ្យបានដាច់ខាត៕ ភារ៉ា ដង្កោ