ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃ និងប្រជាពលរដ្ឋ សិស្សនិស្សិតជាង៣០០អង្គ/នាក់ មកពីខេត្តព្រៃវែង និងរាជធានីភ្នំពេញ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីដំណើរការសាលាក្តីខ្មែរក្រហម

ចែករំលែក៖

ភ្នំពេញ៖ ព្រះសង្ឃ និងប្រជាពលរដ្ឋ សិស្សនិស្សិតជាង៣០០អង្គ/នាក់ មកពីខេត្តព្រៃវែង និងរាជធានីភ្នំពេញ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីដំណើរការសាលាក្តីខ្មែរក្រហមនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦។ ចំនួននេះត្រូវបានលោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម ធ្វើឱ្យចំនួនសាធារណជនដែលបានធ្វើទស្សនកិច្ចសិក្សា និងចូលរួមស្តាប់សវនាការដោយផ្ទាល់នៅសាលាក្តីខ្មែរក្រហមកើនដល់ជាង ៣៨ម៉ឺននាក់ហើយក្នុងរយៈពេល ១០ ឆ្នាំនៃដំណើរការតុលាការ។ លោកបានពន្យល់ថា ក្នុងចំណោមសាធារណជនទាំងនេះចំនួនពាក់កណ្តាលជាជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម និងចំនួនពាក់កណ្តាលទៀតជាយុវជនជំនាន់ក្រោយ។ លោកបានគូសបញ្ជាក់ថាការសិក្សា ការចងចាំ និងយល់ដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួន គឺមានភាពចាំបាច់ណាស់សម្រាប់ពលរដ្ឋកម្ពុជាជាពិសេសយុវជនជំនាន់ក្រោយ។

ថ្លែងទៅកាន់អ្នកចូលរួមក្នុងសាលសវនាការរបស់សាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានលើកឡើងពីសារៈសំខាន់នៃការបង្កើតសាលាក្តីខ្មែរក្រហមគឺដើម្បីស្វែង រកការពិតនិងយុត្តិធម៌ជូនដល់ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម និងជនរងគ្រោះ ដែលកំពុងរស់រានមានជីវិតនៅឡើយ ក៏ដូចជាផ្តល់យុត្តិធម៌ជូនមនុស្សជាតិទាំងមូល។ ការជំនុំជម្រះក្តីនេះដើម្បីពង្រឹងការចងចាំលើរឿងរ៉ាវលើឧក្រិដ្ឋកម្ម នៅក្នុងរបបខ្មែរក្រហម និងចៀសឱ្យផុតពីអំពើឧក្រិដ្ឋកម្ម និងដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា។

សាលាក្តីខ្មែរ ក្រហមនេះក៏ដើរតួនាទីសំខាន់ក្នុងការផ្សះផ្សាជាតិផងដែរ ដែលតុលាការនេះមិនជំនុំជម្រះក្តីលើគ្រប់អតីតខ្មែរក្រហមទាំងអស់ឡើយគឺជំនុំជម្រះក្តីតែទៅលើអតីតមេ ដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប្រព្រឹត្តចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។

ប្រជាពលរដ្ឋ និងយុវជនអស់ទាំងនេះ បានថ្លែងថា ខ្លួនមិនចង់ឱ្យមានរបបខ្មែរក្រហមកើតឡើងសាជាថ្មីនៅលើទឹកដីកម្ពុជាទៀតទេព្រោះ មានការលំបាក ហើយប្អូនៗបានលើកឡើងថាសាលារៀប វត្តអារាម សាសនា ប្រពៃណីទំនៀមទម្លាប់ត្រូវ បានខ្មែរក្រហមបំបាត់ចោល និងធ្វើឱ្យពលរដ្ឋជាច្រើនលាននាក់បាត់បង់ជីវិតដោយសារតែការធ្វើទារុណកម្ម អត់អាហារ ធ្វើការងារហួសកម្លាំង គ្មានថ្នាំសង្កូវព្យាបាល។

លោកក៏បានជម្រាអំពីការវិវឌ្ឍថ្មីៗររបស់តុលាការ ក្នុងការជំនុំជម្រះក្តីលើសំណុំរឿង០០២/០១ និងសំណុំរឿង ០០២/០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន ព្រមទាំងសារៈសំខាន់នៃការជំនុំជម្រះក្តីខ្មែរក្រហមគឺដើម្បីស្វែងរកការពិតដែលកើតឡើង និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះដែលបានបាត់បងជីវិត និងអ្នកដែលកំពុងតែរស់រានមានជីវិត។

មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមក៏បានចែកជូនសៀវភៅសាលក្រម និងសាលដីកាលើសំណុំរឿង ០០២/០១ ជូនដល់តំណាងយុវជនមកពីស្រុកទាំងបីនៃខេត្តព្រៃវែងផងដែរ ដើម្បីតម្កល់ទុកជាឯកសារសម្រាប់ការសិក្សា និងស្រាវជ្រាវលើឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម ៕ សហការី

unnamed (1) unnamed (2) unnamed


ចែករំលែក៖