ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍ ពីអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានឲ្យដឹងថា នៅយប់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង២២និង១០នាទី មានអគ្គីភ័យមួយកើតឡើង បណ្ដាលអោយមនុស្សម្នាក់ឆេះស្លាប់ក្នុងភ្លើង ជាមួយនឹងផ្ទះ១ខ្នង ឆេះអស់គ្មានសល់ ស្ថិតនៅសេអ៊ីសែងCI5 ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនរងគ្រោះ ឈ្មោះ ម៉េង តុង ភេទប្រុស អាយុ ១៥ឆ្នាំ។
របាយការណ៍បានបញ្ជាក់ថា មុនកើតហេតុ ឪពុកជនរងគ្រោះឈ្មោះមុំ ហេង ដែលចាំផ្ទះឲ្យ ប៊ុត ប៊ុនធឿន និងមិត្តភក្រ័ មានគ្នា៧នាក់ បាននាំគ្នាផឹកស៊ី ចាក់ធុងបាសរាំលេងផង ។ ចប់ការផឹកស៊ី ឪពុកជនរងគ្រោះ និង អ្នកទាំងអស់ បានទៅមើលទូរទស្សន៍ បុកប៊ីយ៉ា នៅផ្ទះម្ដាយ របស់ ប៊ុត ប៊ុនធឿន ដោយទុកឲ្យកូនដេកនៅផ្ទះម្នាក់ឯង ក្រោយមកក៏មានអគ្គីភ័យកើតឡើង ឆេះក្មេងប្រុសនោះស្លាប់ក្នុងផ្ទះតែម្តង ។
ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវអំពីមូលហេតុ និងបាននាំខ្លួន មនុស្ស៦នាក់ ដែលផឹកស៊ីជាមួយគ្នា មកសាកសួរ ៕ ឆ្លាម សមុទ្រ