ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ ដែលកម្មករសំណង់ដេកស្លាប់ នៅលើជាន់ឡៅតឿ ក្នុងការដ្ឋានសំណង់មួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៧ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតនៅក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសដែលដេកស្លាប់នោះឈ្មោះ នុត សុីថា ហៅ ស អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតនៅ ក្នុងភូមិតាជ័យ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង និងស្នាក់នៅកន្លែងកើតហេតុខាងលើ ហើយបុរសនោះ មានប្រពន្ធ ឈ្មោះ ភាជ ស្រីណុច អាយុជាង២០ឆ្នាំ កំពុងមានផ្ទៃពោះដំបូង និងជិតគ្រប់ខែទៀតផង។ ដោយ ឡែកការស្លាប់របស់បុរសនោះ សង្ស័យបណ្ដាលមកពីជំងឺគាំងបេះដូង ហើយក្រោយពេលនគរបាល ចុះពិនិត្យរួចរាល់ សាកសព ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យនៅស្រុកកំណើត។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពេលធ្វើការងារចប់ បុរសរងគ្រោះបានផឹកស្រាបៀរ ជុំគ្នាជាមួយមិត្តភក្ដិរួមការងារ ប៉ុន្តែខណៈនោះជនរងគ្រោះបានផឹកអស់តែ២កំប៉ុងប៉ុណ្ណោះ ក៏បានឡើងទៅដេកនៅលើជាន់ឡៅតឿ នៅក្នុងការដ្ឋានសំណង់ខាងលើ ។ ខណៈនោះមិនមាននរណាបានដឹងថា មានរឿងអ្វីកើតឡើងនោះឡើយ លុះដល់ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ដោយមិនឃើញគាត់ ក្រោកធ្វើការ បុរសម្នាក់ដែលជាមេការសំណង់ បានឡើងទៅមើល និងដាស់ឲ្យក្រោក ដើម្បីធ្វើការ ស្រាប់តែ ប្រទះឃើញបុរសនោះស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ់ចុះមកធ្វើកោសល្យវិច័យរួចទំនាក់ទំនងហៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ