ព័ត៌មានទាន់ហេតុការណ៍៖

បំបែកសំណុំរឿងវាយសម្លាប់ប្លន់ដុតសពជនរងគ្រោះក្នុងគំនរចំបើងប្លន់យកម៉ូតូ MSX កាលពី៤ ខែមុននៅស្រុកភ្នំព្រឹក ឃាត់ខ្លួនជនសង្ស័យ២នាក់នោះហើយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យដែលធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះម្នាក់ ប្លន់យកម៉ូតូម៉ាក MSX នៅហើយដុតសពបំផ្លាញភស្ថុតាងក្នុងគំនរចំបើង នៅស្រុកភ្នំព្រឹក កាលពី៤ ខែកន្លងទៅនេះ បក្ខពួកជនសង្ស័យក្នុងអំពើប្លន់នោះចំនួន២នាក់ ហើយក្នុងចំណោមបក្ខពួក៣នាក់ រហូតមកដល់ពេលនេះ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការ និងនគរបាលស្រុកភ្នំព្រឹក ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ សរុប២នាក់ចំណែកម្នាក់ទៀតកំពុងរត់គេចខ្លួន ។

ក្រោយពីនគរបាលទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណៈដែលសមត្ថកិច្ចបានប្រើប្រាស់វិធានការជំនាញហៅជនសង្ស័យពីក្រុងប៉ោយប៉ែត មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកនោះ។ ចំណែកជនសង្ស័យបក្ខពួកម្នាក់ទៀត ត្រូវបាននគរបាលឃាត់ខ្លួនក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៦ នៅភូមិអូអន្លក់ ឃុំតាសែន ស្រុកកំរៀងខេត្តបាត់ដំបង។

ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើង ក្រោមការដឹកនាំកម្លាំងផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលការងារព្រហ្មទណ្ឌ និងអនុវត្តតាមដីកាចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ លោក ជា វណ្ណៈ នៃសាលាដំបូងខេត្តបាត់ដំបង ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រាប់ឱ្យដឹងថា ជនសង្ស័យដែលរងការឃាត់ខ្លួនមានឈ្មោះ ឃឹម រុំ ភេទប្រុស អាយុ២២ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក និងជនសង្ស័យម្នាក់ទៀត រងការឃាត់ខ្លួនកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦ មានឈ្មោះ លី រតនា ភេទប្រុស អាយុ២៣ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិកណ្តាល ឃុំអូររំដួល ស្រុកភ្នំព្រឹក ពួកគេជាពួកម៉ាក ជាមួយជនរងគ្រោះ ឈ្មោះ សុខ វណ្ណថា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថា ក្រោយពីមានអំពើប្លន់វាយសម្លាប់យ៉ាងព្រៃផ្សៃ យកម៉ូតូនៅស្រុកភ្នំព្រឹក កាលពី៤ ខែកន្លងទៅនេះ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាឱ្យលោកដឹកនាំកម្លាំងចុះស្រាជ្រាវស៊ើបអង្កេតជាប្រចាំដើម្បីស្វែងរកបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យ ។ ចាប់តាំងពីកើតមានអំពើប្លន់នោះហើយ កម្លាំងនគរបាល ក៏បានតាមស្វែងរកចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាបន្តបន្ទាប់ នោះហើយ ចំណែកបក្ខពួកនៅសេសស់ម្នាក់ទៀត នគរបាលកំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកចាប់ឃាត់ខ្លួនយកមកអនុវត្តតាមផ្លូវច្បាប់ ។

លោកស្នងការរងបានបញ្ជាក់ឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ឃឹម រុំ ដែលទើបតែចាប់ឃាត់ខ្លួននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ មិនបានឆ្លើយសារភាពទទួលកំហុសនោះទេ ប៉ុន្តែដោយសាតែសមត្ថកិច្ច មានការចង្អុលបង្ហាញពីសាក្សីដោយនៅថ្ងៃកើតហេតុ គេឃើញជនសង្ស័យបានជិះម៉ូតូជាមួយនិងជនរងគ្រោះ ។ បន្ទាប់ពីមានអំពើប្លន់សម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យ និងបក្ខពួកបានរត់គេចខ្លួនចេញពីផ្ទះ រហូតដល់ថ្ងៃចាប់ខ្លួននេះតែម្តង ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ រងការចោទប្រកាន់ពីបទឧក្រិដ្ឋលួចមានស្ថានទម្ងន់ទោស ។

សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីប្លន់ម៉ូតូ ម៉ាក MSX ស៊េរីឆ្នាំ២០១៦ ពណ៌ក្រហម១គ្រឿង គ្មានស្លាកលេខ នៅចំណុចដីចំការមួយកន្លែង ក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណៈដែលជនរងគ្រោះមានឈ្មោះ សុខ វណ្ណថា ភេទប្រុសអាយុ២០ឆ្នាំ បានជិះម៉ូតូចូលក្នុងដីចំការរបស់អ្នកភូមិដើម្បីសម្ងំប្រើប្រាស់គ្រឿងញៀនជាមួយជនសង្ស័យជាពួកម៉ាកនិងគ្នា ។

នៅពេលនោះក្រុមចោរប្លន់ សមត្ថកិច្ចសស្រាវជ្រាវដឹងថា មានគ្នា៣នាក់ ហើយវាយប្លន់យកដុំថ្ម និងយកទួណឺវីសចាក់សម្លាប់ជនរងគ្រោះយ៉ាងព្រៃផ្សៃ មិនតែប៉ុណ្ណោះចោរប្លន់បានអូសសពយកទៅដុតក្នុងគំនរចំបើងដើម្បីបំបាត់ភស្ថុតាង ។

ក្រោយពីធ្វើសកម្មភាពរួចហើយចោរប្លន់បានយកម៉ូតូជនរងគ្រោះជិះយកទៅបាត់ ។ លុះអំពើប្លន់បាន២ថ្ងៃក្រោយមកនៅ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នា២០១៦ ម៉ូតូជនរងគ្រោះម៉ាក MSX ពណ៌ក្រហមដែលចោរប្លន់យកទៅជាមួយនោះ ត្រូវបានសមតក្ថកិច្ចប្រទះឃើញ នៅចំណុចទំនប់អូរកប់ផ្កាស្លា នៅចម្ងាយពីទីរួមស្រុកបាណន់ ប្រហែល២០០០ម៉ែត្រ ស្ថិតក្នុងភូមិបុស្សខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ម៉ូតូនោះត្រូវចោរប្លន់ជិះយកទៅផ្លុងចោល ឬដួលធ្លាក់ពីទំនប់អូរចូលក្នុងទឹក ជិះគេចពីការតាមប្រមាញ់របស់សមត្ថកិច្ច ៕ សំ វិច្ឆិកា

IMG_2861 IMG_2865 IMG_2883 IMG_3609_1 IMG_3614 IMG_3626 IMG_3839 IMG_3620


ចែករំលែក៖