ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសវត្ថិភាព សំដៅធានាបាននូវសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
នៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទិ២២ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ សម្តេចក្រឡាហោម ស ខេង បានជំរុញការអនុវត្ត នូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីពង្រឹងឲ្យបានកាន់តែរឹងមាំថែមទៀត នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការគោរពច្បាប់សំដៅជំរុញឲ្យបានខ្លាំងក្លានូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកប ដោយចីរភាពរយៈពេលវែងជាបន្តទៀត និងដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងសង្គមទាំងមូល រាជរដ្ឋា ភិបាលបាននឹងកំពុងអនុវត្តនូវយុទ្ធនាការព្រមៗគ្នាទូទាំងប្រទេស ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស រួមមានប្រយុទ្ធប្រឆាំងគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ សកម្មភាពលួច ឆក់ ប្លន់ ពិសេសអំពើប្លន់ប្រដាប់ អាវុធ និងការប្រើប្រាស់អាវុធខុសច្បាប់ ការបង្ក្រាបបទល្មើស ព្រៃឈើ ធនធានធម្មជាតិ បទល្មើសនេសាទ នៅបឹងទន្លេសាប និងការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោក៕ តាឡឹម