ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ប៊ុនញ៉ាំង វរ៉ាជិត (Bounnhang Vorachith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោក Bounnhang Vorachith រីករាយ និងអរគុណយ៉ាងខ្លាំងចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋកម្ពុជាចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅ នៅក្នុងដំណើរទស្សនៈកិច្ចផ្លូវរដ្ឋរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះដែរ លោកប្រធានរដ្ឋបានអបអរសាទរចំពោះការរីកចម្រើននៃប្រទេសកម្ពុជា ជាពិសេសទីក្រុងភ្នំពេញបច្ចុប្បន្នបានប្រែមុខមាត់ថ្មី ជាមួយនឹងការរីកចម្រើនរួមជាមួយផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធស្អាតល្អ ព្រមទាំងអគារធំៗខ្ពស់ៗ ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនៈភាពនៅក្រោមការការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា។
លោក Bounnhang Vorachith ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមួយឆ្នាំកន្លងទៅនេះថ្នាក់ដឹកនាំកម្ពុជា-ឡាវ បានធ្វើការផ្លាស់ប្តូរទស្សនៈកិច្ចគ្នាទៅវិញទៅមកចាប់តាំងពីកម្រិតខ្ពស់រហូតមកដល់ប្រជាជនដែលបានរិតបន្តឹងនូវចំណងមិត្តភាព និងសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍រវាងគ្នាទៅវិញទៅមក ដូចជាកិច្ចប្រជុំកន្លងទៅរវាង កម្ពុជា-ឡាវ-វៀតណាម (CLV Summit) ដើម្បីរួមគ្នាអភិវឌ្ឍន៍នៅតំបន់ត្រីកោណជាដើម។ អ្វីដែលជាការសេសសល់ និងអ្វីដែលជាការជម្រុញ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យបានកាន់តែខ្លាំងបន្ថែមទៀតនោះ លោកបានមានប្រសាសន៍ថា នោះគឺមាននៅលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងវិស័យសេវាកម្ម និងការជម្រុញការវិនិយោគនៃប្រទេសទាំងពីរទៅវិញទៅមក។
លោកប្រធានរដ្ឋក៏បានអរគុណ សម្តេចតេជោ ដែលបានជំរុញអោយបានបើកច្រកព្រុំដែន កម្ពុជា-ឡាវ និងបានអញ្ជើញទៅទស្សនៈកិច្ចវារីអគ្គីសនីនៅ ដនសាហុង ប្រទេសឡាវកាលពីពេលថ្មីៗនេះទៀតផង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសាទរនិងឯកភាពទាំងស្រុងជាមួយនឹងការវាយតម្លៃខ្ពស់របស់លោកប្រធានរដ្ឋឡាវ។ សម្តេចតេជោ បានបញ្ជាក់សារជាថ្មីថា កម្ពុជានឹងអនុញ្ញាតអោយ ប្រទេសឡាវជាមិត្តប្រើប្រាស់កំពង់ផែ និងផ្លូវទឹក ផ្លូវគោកកម្ពុជាសម្រាប់ការដឹកទំនិញចេញចូលដើម្បីជំរុញការតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសនៅភាគខាងត្បូងនៃប្រទេសឡាវ និងភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជាយើងអោយកាន់តែរីកចម្រើន។ លោកប្រធានរដ្ឋឡាវបានថ្លែង អំណរគុណ សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជាមកលើ ប្រទេសឡាវដើម្បីជំរុញការអភិវឌ្ឍដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ៕