ខេត្តពោធិ៍សាត់៖ កម្លាំងមន្រ្តីជំនាញអធិការដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាប សហការគ្នាបង្រ្កាបរថយន្តដឹកឈើគគីរមុខកាត់ធំបណ្ដោយវែង បញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានគេបង្ហើបប្រាប់ថាមានអ្នកមានអំណាចរត់ការដោះលែង។
ប្រតិបត្តិការខាងលើអនុវត្តន៍ឡើងនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចតក់ឡក់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកំលាំងចុះអនុវត្តន៍បានឲ្យដឹងថា រថយន្តដឹកត្រូវបានកម្លាំងឃាតចាប់ម៉ាក ហុីយ៉ាន់ដាយ ពណ៏ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 2 AF 9323 ដឹកឈើគគីរ ទំហំមុខកាត់ជាង ២ម៉ែត្រ កម្រាស់ ២តឹក និងបណ្ដោយជាង ៤ម៉ែត្រ ព្រមទាំងមានឈើផ្សេងៗទៀត។
ប្រភពខាងលើបន្តថា វត្ថុតាងទាំងរថយន្តទាំងឈើបានបញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដើម្បីបន្តតាមនីតីវិធីតាមច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ។
ប្រភពដដែលបន្តទៀតថា តាមការបង្ហើបឲ្យដឹងពីមាត់ចាបមាត់ព្រាបលើកឡើងស្រឌៀងៗគ្នាថា ឈើមុខកាត់ធំសម្បើមនោះម្ចាស់ឈើជាមន្រ្តីយោធាជាន់ខ្ពស់ម្នាក់ ថ្នាក់ឧត្តមសេនីយ៍ឯក នៃក្រសួងការពារជាតិ ហើយមានអ្នកធំម្នាក់កំពុងរត់ការដោះលែង ករណីនេះធ្វើឲ្យរំជើបរំជួលដល់បញ្ហាផ្សេងៗ ដែលកន្លងមកមានករណីចាប់ឃាត់ទ្រង់ទ្រាយតូចៗជាងនេះ ប៉ុន្តែគ្នានដណ្ណោះស្រាយបែបនេះនោះឡើយ នេះសឲ្យឃើញយ៉ាងច្បាស់ថាមានភាពលំអៀងហើយ ។
ករណីខាងលើ លោក ងី វីៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានឆ្លើយប្រាប់អ្នកកាសែតតាមទូរស័ព្ទនៅវេលាម៉ោង៩ និង៤៤នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះយ៉ាងខ្លីរថា ជាប់ប្រជុំសួរទៅអ្នកចាប់នោះទៅ រួចបិតទូរស័ព្ទដោយការគួរសំបន្តិចសោះ៕ ប៉ឹម ពិន