ភ្នំពេញ៖ ស្ត្រីជនបរទេសម្នាក់បានបើករថយន្តហ្វ័ររ៉េន័រមួយគ្រឿង ហើយមានបំណងបើកឡើងឃឿនដើម្បីចតចោល តែម្ចាស់រថយន្តបានជាន់ហ្គេខ្លាំងពេក បណ្ដាលឲ្យជ្រុលហោះទៅបុករះរថយន្ត៣គ្រឿង បណ្ដាលឲ្យរងការខូចខាត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣៦០ កែង និងផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
យោងតាមសម្ដីសន្តិសុខដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ រថយន្តបង្កម៉ាកហ្វ័ររ៉េន័រ ពណ៌ស្ក ដែលបើកបរដោយស្ត្រីជនជាតិបរទេសស្បែកខ្មៅម្នាក់ និងក្រុមគ្រួសារ២នាក់ រួមដំណើរជាមួយ បានបើកមករកកន្លែងចត ពេលនោះសន្តិសុខ ក៏បានរយ៉ែរថយន្តបង្កឲ្យឡើងចតនៅលើចញ្ចើមផ្លូវ ដែលជាប់ផ្លូវព្រះនរោត្ដម ខណៈដែលសន្តិសុខកំពុងតែរយ៉ែឲ្យឡើងលើចញ្ចើមផ្លូវដើម្បីទុក ពេលនោះស្ត្រីជនជាតិបរទេសបានជាន់ហ្គេពេញទំហឹងបណ្ដាលឲ្យរថយន្តបង្កហោះទៅបុករះរថយន្ត៣គ្រឿង ក្នុងនោះ ទី១ រថយន្តរងគ្រោះ ម៉ាកស្តារិក ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ 06 2.0711 ដែលចតចោលនៅចិញ្ចើមផ្លូវ ទី២រថយន្តរងគ្រោះ ម៉ាកឡិចស៊ីស RX470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X.5273 ដែលចតចោលនៅចិញ្ចើមផ្លូវដូចគ្នា និងទី៣ រថយន្តរងគ្រោះម៉ាកកាមរី ហាយព្រឺក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A.1818 ដែលកំពុងធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦០ ទិសដៅពីលិចទីកើត ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលឲ្យរងការខូចខាតអស់៤គ្រឿង ទាំងរថយន្តបង្កផងដែរ ។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្តបង្កបានចុះមកសម្របសម្រួលគ្នាអស់រយះពេលជាង៣ម៉ោង នៅតែមិនត្រូវ ទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងជំនាញចុះមកវាស់វែងស្ទួចយករថយន្តទាំង៤គ្រឿង ទាំងរថយន្តបង្ក និងរថយន្តរងគ្រោះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ភារ៉ា ដង្កោ