ខេត្តកំពង់ធំ៖ ផលិតផលខូចគុណភាពជាង២០ប្រភេទ ស្មើនឹងជាង៣តោន ត្រូវបានកម្លាំងជំនាញសាខាកាំកុងត្រូល ខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រួមនិងអាជ្ញាធរស្រុកធ្វើពិធីដុតកម្ទេចចោល នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីលានព្រលានយន្តហោះ ស្ថិតនៅភូមិវ័ល្លយាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោក លៀងសុភា ប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ធំ បានបញ្ជាក់ថា លទ្ធផលដែលសមត្ថកិច្ចជំនាញកាំកុងត្រូល សហការជាមួយនឹងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ រយៈពេល១ឆ្នាំ គិតពីចាប់ពីខែកុម្ភៈ ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចបានរឹបអូសផលិតផលនៅតាមផ្សារនានានៅក្នុងខេត្តកំពង់ធំ សរុបជាង៣តោន ក្នុងនោះមានផលិតចំនួន២១មុខគឺ ណែម មឹកស្រស់ សរសៃគុយទាវ លេលាបស្បែក ចាហួយដូង ទឹកក្រួចដបតូច ធំ ទឹកដោះគោខាប់ ទឹកដោះគោឆៅ មីម៉ាម៉ា និងម្សៅបូរ៉ាក់ សំរាប់ដាក់លើគុយទាវ ប្រណិត ណែម រួមទាំងផលិតផលជាច្រើនប្រភេទទៀត ត្រូវបានដុតកម្ទេចចោល។
លោកបន្តថា ក្រៅពីនេះកម្លាំងជំនាញបានណែនាំ អប់រំ បញ្ជៀបដល់អាជីវករ ព្រមទាំងចុះបិទប៉ូស្ទ័រនៅទីប្រជុំជន និងតំបន់ដាច់ស្រយាល់ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋកាន់តែយល់ដឹងកាន់ច្បាស់ អំពីផលិតផលសុទ្ធ ឬក្លែងក្លាយ និងខូចគុណភាព ដែលយកពីប្រទេសជិតខាងជាមួយគ្នានេះដែរ ។
ប្រជាពលរដ្ឋ ក៏បានសាទរចំពោះសមត្ថកិច្ចកាំកុងត្រូលខេត្តកំពង់ធំ តែងតែចុះប្រតិបត្តិការ ឆែកត្រួតពិនិត្យរកទំនិញខូចគុណភាពនៅតាមបណ្តាផ្សានីមួយៗជាហូរហែដើម្បី ជួយថែរក្សាសុខភាពប្រជាពលរដ្ឋ ៕ ប៊ុន រិទ្ធី