ភ្នំពេញ:មនុស្ស៤នាក់បានស្លាប់និងរងរបួសធ្ងន់ស្រាល១៨នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរទូទាំងប្រទេស ចំនួន៧លើកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៤គ្រឿង រួមមាន ម៉ូតូ ចំនួន៩គ្រឿង រថយន្តធុនតូច ចំនួនពីរគ្រឿង រថយន្តធុនធំ ចំនួនពីរគ្រឿង និងយានយន្តផ្សេងៗមួយគ្រឿង។
យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោក រយៈពេល ២៤ថ្ងៃ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ កើតឡើង ចំនួន ២៣១លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១១២នាក់ រងរបួសសរុប ចំនួន ៣៤៩នាក់ ក្នុងនោះរបួសធ្ងន់ ២៣០នាក់ និងរងរបួសស្រាល ចំនួន ១១៩ នាក់ ។
ព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមាន ចំនួន ១,០១០ គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៣៨៦ គ្រឿង និងពិន័យសរុប ចំនួន ៦២៤ គ្រឿង ៕ ចេស្តា