ភ្នំពេញ៖ តុលាការបានសម្រេចកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ចោទប្រកាន់បុរសម្នាក់ដែលបើកថយន្តកៀរម៉ូតូបណ្តាលឲ្យលោក ស្រូយ នីកា អ្នកកាសែតរស្មីកម្ពុជា និង ទូរទស្សន៍ CNC ស្លាប់យ៉ាងអាណោចអាធ័ម ។ បច្ចុប្បន្ន ជនត្រូវចោទ និង សំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។
នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួន ឬ មិនឃុំខ្លួន ជនត្រូវចោទ ។
មន្ត្រីតុលាការ បញ្ជាក់ថា លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់បុរសឈ្មោះ សួន វណ្ណា អាយុ៣១ឆ្នាំ ពីបទបើកបរធ្វេសប្រហែសបណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៕ ចេស្តា