ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើឃាត់ខ្លួនបុរសម្នាក់សង្ស័យករណីជួញដូរថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើ នៃអធិការដ្ឋាននគរ បាលខណ្ឌមានជ័យចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីរសៀល នាថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចលើផ្លូវជាតិលេខ២ មុខផ្ទះលេខ១២៩៥ ក្រុម១ ភូមិព្រែក តាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ សង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

លោកអនុសេនីយ៍ឯក ហ៊ុត វណ្ណា នាយនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើបានឲ្យ ដឹងថា ជនសង្ស័យមានឈ្មោះ គង់ សូលីដូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះជួលស្ថិតនៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ក្នុងនោះសមត្ថកិច្ចយើងដកហូតក្រាមពណ៌សថ្លាចំនួន៤កញ្ចប់ ទូរស័ព្ទណូគា២គ្រឿង និងលុយ២០០ដុល្លាផងដែរ។

លោកនាយប៉ុសិ៍្តដដែលបន្តថា មុនពេលចាប់ឃាត់ខ្លួនជនសង្ស័យខាងលើគឺកម្លាំងសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលសហការនិងកម្លាំងអធិការដ្ឋានខណ្ឌ ចេញល្បាតក្នុងមូលដ្ឋានដូចសព្វដង និងល្បាតលើកំណាត់ផ្លូវជាតិលេខ២ ហើយពេលល្បាតមកដល់ចំណុចខាងលើ សមត្ថកិច្ចយើងក៏បានឃើញជនសង្ស័យខាងលើកំពុងឈរនៅលើចិញ្ចើមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចយើងក៏បានឃាត់សួរនាំនិងត្រួតពិនិត្យលើខ្លួនប្រាណក៏ប្រទះឃើញមានថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់ និង១កញ្ចប់ធំល្មម ដែលគេលាក់ទុកក្នុងហោ ប៉ៅអាវ ហើយភ្លាមៗនោះសមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនតែម្តង នាំមកប៉ុសិ៍្តរដ្ឋបាលដើម្បីសួរនាំបន្ថែមរួមនិងវត្ថុតាងផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួន និងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ តាឡឹម

ae ae (1)


ចែករំលែក៖