ព័ត៌មានទាន់ហេតុការណ៍៖

យុវតី២នាក់ដែលនគរបាលស្រុកស្អាងចាប់ខ្លួនរួមជាមួយថ្នាំញៀន៣កញ្ចប់ធំ ត្រូវបានបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវតី២នាក់បងប្អូនបង្កើតនឹងគ្នា ដែលត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួនកាលពីម្សិលមិញ រួមជាមួយថ្នាំញៀនម៉ាទឹកកកចំនួន៣កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ដនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

មន្រ្ដីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដបានឲ្យដឹងថា យុវតី២នាក់ដែលត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាលនោះទី១-ឈ្មោះ អ៊ុង ស្រីនាថ ហៅនិត ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ អ៊ុង ស្រីនិច ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ យុវតីទាំង២នាក់នេះត្រូវជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅភូមិចំពោះក្អែក សង្កាត់ព្រែកថ្មី ខ័ណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

ប្រភពដដែលបន្ដថា យុវតីទាំង២នាក់នេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងបង្រ្កាបចាប់ខ្លួនបានកាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។ ក្នុងប្រតិបត្ដិការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៣កញ្ចប់ធំ , ម៉ូតូ១គ្រឿងម៉ាកស៊ុយហ្សុ៊យគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-4922, កាបូបស្ពាយចំនួន១, សម្ភារសម្រាប់វេចខ្ចប់ និងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។

មន្រ្ដីនគរបាលប្រឆាំងគ្រឿងញឿនស្រុកស្អាងបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីមហាជនថា នៅក្នុងភូមិឃុំព្រែកគយមានជនសង្ស័យធ្វើសកម្មភាពជួញដូរថ្នាំញៀនរួចមកលោកអធិការនគរបាលស្រុក បានដឹកនាំកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវដោយអនុវត្ដតាមបទបញ្ជារបស់លោកឧត្ដសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងពាក់ព័ន្ធដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ ស្អាងជ័យ

IMG_0347 IMG_0346 IMG_0348


ចែករំលែក៖