ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់​ចូលលួច​ទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវម្ចាស់ផ្ទះទាន់ចាប់​​ប្រគល់នគរបាល​ប៉ុស្តិ៍បឹងកេងកង៣

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចូលទៅលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះ ត្រូវម្ចាស់ផ្ទះទាន់ចាប់ប្រគល់នគរបាលប៉ុស្តិ៍បឹងកេងកង៣ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង១០នាទីយប់ ថ្ងែទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣កែងនឹង៣៤៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សរ ឆន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្សារដើមគ ។
បើតាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យម្នាក់បានមិនដឹងដើរមកពីណានោះទេ ខណៈមកដល់មុខផ្ទះកើតហេតុខាងលើមួយស្ទុះក្រោយមក ក៏ស្រាប់តែមានជនសង្ស័យម្នាក់បានឃើញទ្វារបើក ក៏ចូលទៅបើកទ្វាផ្ទះរបស់ជនរងគ្រោះហើយបានចូលទៅបំរុ៉ងលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ ពេលនោះជនរងគ្រោះ ក៏បានលឺសំលេងទ្វារផ្ទះដូចជាមានគេបើក ក៏បានស្ទុះមកមើល ក៏ស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងតែបើកទា្វររបស់ខ្លួន។ ពេលនោះជនរងគ្រោះ ក៏ដេញតាមពីក្រោយ ហើយស្រែកថាចោរៗ ក៏ដេញចាប់ភ្លាមៗតែម្តង  រួចនាំគ្នាវាយម្នាក់មួយដៃម្នាក់មួយជើងទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣ ។

ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ ស រស្មី

image3 image1 image2


ចែករំលែក៖