ខេត្តកំពង់ធំ៖ សមត្ថកិច្ចអាវុធហត្ថស្រុកបារាយណ៍ ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ បញ្ជូនទៅកាន់តុលាការ បន្ទាប់ពីពួកគេបាននាំគ្នាចែកចាយ និងប្រើប្រាស់គ្រឿងញៀន កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិច្រនៀង ឃុំច្រនៀង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោកវរៈសេនីយ៍ទោ ឃុន ប៊ុនហួរ មេបញ្ជាការអាវុធហត្ថស្រុកបារាយណ៍បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មាន ពីបណ្តាញថាមានអ្នកសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើនេះ ខ្ញុំក៏បានប្រមូលកម្លាំងមានរថយន្ត និងម៉ូតូ ចុះដល់ទីតាំងនោះភ្លាមៗតែម្តង ជាលទ្ធផលយើងបានឃាត់ខ្លួនជនសង្ស័យ២នាក់ និងម្ស៉ៅក្រាមថ្លា ពណ៌សរ ជាសារធាតុញៀនចំនួន៤កញ្ចប់ និងម៉ូតូ C100.១គ្រឿង សម្ភារៈវេចខ្ចប់១ចំនួន នាំយកមកសាកសួរនៅទីបញ្ជាកងរាជអាវុធហត្ថស្រុកបារាយណ៍ តែម្ដង ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះជា មនោរម្យ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិ ឃុំខាងលើ (ជាអ្នកចែកចាយ) ទី២.ឈ្មោះ ហូត គឹមឆៃ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទួលទំពួង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ជាអ្នកប្រើប្រាស់)។
ជនសង្ស័យឈ្មោះជា មនោរម្យ ក៏បានឆ្លើយថា ខ្លួនគេជាមន្ត្រីនគរបាលប៉ុស្តិ៍ជ្រលង ទើបតែចាប់ផ្ដើមចែកចាយគ្រឿងញៀនជាមួយម្នាក់ទៀតជាអ្នកប្រើប្រាស់តែប៉ុណ្ណោះ ។ ពាក់ព័ន្ធរឿងនេះដែរ លោក សួង ថេន អធិការនគរបាលស្រុកបារាយណ៍បានអះអាងថា ជនសង្ស័យម្នាក់នេះ មិនដែលចូលកន្លែង ត្រូវបានអង្គភាពស្នើទៅថ្នាក់លើបណ្តេញចេញហើយ មិនមានពាក់ព័ន្ធនឹងអង្គភាពទៀតទេ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ដើម្បីចាត់ការតាមច្បាប់ ៕ ប៊ុន រិទ្ធី