ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានចុះមុជទឹករាវរកគ្រំដើម្បីយកមកក្លែមបន្តទៀត ស្រាប់តែលង់ទឹកលិចបាត់អស់មួយយប់ទើបរាវរកសពឃើញ ខណះបុរសរងគ្រោះចេះហែលទឹកយ៉ាងស្ទាត់ជំនាញ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជិត២រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភោជនីយដ្ឋាន មាស៩៩ ស្ថិតនៅក្នុងភូមិ គៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថស បុរសរងគ្រោះឈ្មោះ សុន ស៊ីណា អាយុ៣២ឆ្នាំ មានលំនៅភូមិច្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះជាកម្មករសំណង់ និងក្រុមជាងផ្សេងទៀតទាំងអស់៤នាក់ ត្រូវបានថៅកែភោជនីយដ្ឋាន មាស៩៩ ជួលមកឲ្យធ្វើក្យូសលក់ដូរនៅកន្លែងកើតហេតុ ហើយកាលពីម៉ោងប្រមាណ៤រសៀល ថ្ងៃទី២៥ កុម្ភៈ បន្ទាប់ពីផឹកស្រវឹង ក្រុមជាងទាំងនោះក៏បាននាំគ្នាចុះងូតទឹករាវគ្រំដើម្បីយកមកក្លែមបន្តទៀត ។ ពេលងូតទឹកទន្លេរាវគ្រំ ជនរងគ្រោះដែលចេះហែលទឹកយ៉ាងជំនាញក៏បានលង់ទឹកលិចបាត់រកសពពុំឃើញឡើយ។
លុះពេលរសៀលថ្ងៃទី២៦ កុម្ភៈ ក្រុមគ្រួសារជនរងគ្រោះក៏បានជួលទូកចាមដែលមានអ្នកជំនាញមុជទឹករាវរកសពក្នុងតម្លៃ៣០០ដុល្លារ ទើបរកសពឃើញ រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ