ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចក្លែងត្រាសាលាឃុំ និងត្រាឈ្មោះលោកស្រីមេឃុំសំបួរមាស

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូល អន្ដរាគមន៍ចាប់ខ្លួន ពាក់ព័ន្ធករណីក្លែងត្រាមូលរបស់សាលាឃុំសំបួរមាស និងត្រាឈ្មោះលោកស្រីមេឃុំ ព្រមទាំងត្រាឈ្មោះរបស់មេភូមិអន្លុងស្លែង ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាលចាត់ការតាមនីតិវិធីច្បាប់ ។

ប្រតិបត្ដិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចខាងលិចបឹងចំណីពពែ ស្ថិតក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវបានចាប់ខ្លួនឈ្មោះ ញាន កែម ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិខ្ទរសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារភ្នំពេញ ។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ជុំ សូណា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងខ្ចង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពដដែលបានបន្ដថា ដើមបណ្ដឹងមានគ្នា២នាក់ ឈ្មោះ ណែម យ៉ង់ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេឃុំសំបួរមាស មានទីលំនៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល និងម្នាក់ទៀតឈ្មោះ ជិន សំអាត ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមេភូមិអន្លុងស្លែង មានទីលំនៅភូមិអន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្ដកណ្ដាល ។

ប្រភពដដែលបានបន្ដទៀតថា នៅប្រតិបតិ្ដការបង្រ្កាបចាប់ខ្លួន ជនសង្ស័យខាងលើនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ត្រាមូលសាលាឃុំសំបួរមាសចំនួន១ ,ត្រាឈ្មោះ ណែម យ៉ង់ ជាមេឃុំសំបួរមាសចំនួន១ ,ត្រាឈ្មោះ ជិន សំអាត ជាមេភូមិអន្លុងស្លែង ចំនួន១(ត្រាមួលនិងត្រាឈ្មោះក្លែងក្លាយ) ឡាំប៉ុងចំនួន២ ពណ៌ក្រហម១ខៀវ១ ,ឧបករណ៍ជីភីអេស ចំនួន១គ្រឿង ,ទូរស័ព្ទដៃចំនួន៣គ្រឿង ឯកសារផ្ទេរសិទ្ធិកាន់កាប់ដីធ្លី កិច្ចសន្យាព្រមព្រៀងលកដី កិច្ចសន្យាទិញលក់និងកែប្រែ ប្លង់ដីមួយចំនួនធំនិងម៉ូតូ១គ្រឿងម៉ាកហុងស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៣បិតតែមប្លាកស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1BW-0871 ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើនេះបានជិះម៉ូតូដើរមើលដីបឹងរហូតចូលទៅដល់ក្នុងការដ្ឋានរបស់លោកឧកញ៉ា អេង ឌីប៉ូ ស្ថិតក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្ដកណ្ដាល ។

ដោយមានការសង្ស័យក្រុមសន្ដិសុខប្រចាំការដ្ឋានបានហៅជនសង្ស័យឲ្យឈប់សុំត្រួតពិនិត្យឃើញមានត្រាមូល និងត្រាឈ្មោះលោកស្រីមេឃុំសំបួរមាស ព្រមទាំងត្រាឈ្មោះលោកស្រីមេភូមិអន្លង់ស្លែង ទើបសន្ដិសុខប្រចាំការដ្ឋានទំនាក់ទំនងប្ដឹងសមត្ថកិច្ចនគរបាលស្រុកមុខកំពូលឲ្យជួយអន្ដរាគមន៍ឃាត់ខ្លួនជនសង្ស័យដើម្បីសាកសួរ ។

ជនសង្ស័យឈ្មោះ ញាន កែម បានសារភាពថា ត្រាមូល និងត្រាឈ្មោះខាងលើនេះ រួបគេបានយកពីឈ្មោះ ជុំ សូណា (ជនសង្ស័យដែលរត់គេចខ្លួន) ដើម្បីយកមកឲ្យមេឃុំ ។ ដោយឡែកលោកស្រីមេឃុំបានបញ្ជាក់ថា រូបគាត់ពុំបានជួលឲ្យនរណាម្នាក់យកត្រាមកឲ្យនោះទេ ត្រាខាងលើនេះ គឺក្រុមជនសង្ស័យបានក្លែងបន្លំក្នុងគោលបំណងមិនល្អ ដើម្បីស៊ីញ៉េបោះត្រាលក់ឲ្យប្រជាពលរដ្ឋដែលពុំបានដឹង ។

ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ៕ ស្អាងជ័យ

IMG_0428 IMG_0429 IMG_0430


ចែករំលែក៖