ខេត្តបាត់ដំបង ៖ អាជ្ញាធរ និងតម្រួត ថៃកាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានចាប់ពលករខ្មែរដែលចូលទៅធ្វើការងារក្នុងប្រទេសថៃគ្មានច្បាប់ ចំនួន៣១៥នាក់ មានក្មេងចាស់ ប្រុសស្រី បញ្ជូនមកប្រទេសកម្ពុជាវិញតាមច្រកទ្វារ អន្តរជាតិដូង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ហើយបន្ទាប់ពីអាជ្ញាធរមាន សមត្ថកិច្ចកម្ពុជាទទួលពលករទាំងនេះអប់រំ រួចហើយនោះបានឲ្យវិលត្រលប់ទៅស្រុកកំណើតវិញ ។
ប្រធានច្រកទ្វារអន្តរជាតិដូង លោក ហម សំខាន់ បានឲ្យដឹងថា ពលករខែ្មរដែលអាជ្ញាធរមានសមត្ថកិច្ចថៃចាប់បញ្ជូនខមក វិញនេះមានចំនួន៣១៥នាក់ ក្នុងនោះមាន ស្រី១៤៧នាក់ ដោយអាជ្ញាធរថៃអះអាងថាចូលទៅធ្វើជាកម្មករនៅក្នុងប្រទេសថៃដោយពុំមានច្បាប់អនុញ្ញាត ។
គួរបញ្ជាក់ថា បញ្ហាអាជ្ញាធរមានសមត្ថកិច្ចថៃចាប់បញ្ជូនពលករខ្មែរចេញពីប្រទេសថៃនេះ មិនមែនជារឿងលើកទី១ទេ តែ បានធ្វើឡើងជាញឹកញាប់មកហើយ ដែល អាចនិយាយថាជារឿងដដែលៗ។ រឿងនេះមិនអាចបន្ទោសទៅលើពលករធ្វើចំណាកស្រុកទៅប្រទេសថៃគ្មានច្បាប់ទាំងស្រុងបាន ទេ ព្រោះបើគ្មានការបើកដៃ ឬប្រព្រឹត្តអំពើ ពុករលួយពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចខ្មែរមួយចំនួនដែលកំពុងឈរជើងនៅបន្ទាត់ព្រំដែនដែលអនុញ្ញាតឲ្យចូលជាថ្នូរនឹងលុយកាក់ទេនោះ ក៏គ្មានរឿងបែបនេះកើត ឡើងដែរ ។ ដូច្នេះរឿងដដែលៗនេះដល់ ពេលល្មមបញ្ចប់ហើយ ហើយបើនៅតែ មានកើតករណីនេះបន្តទៀតនោះ ខ្មែរយើងពិតជាខ្មាសប្រទេសជិតខាងខ្លាំងណាស់ ៕ សហការី