ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ និងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តហាយឡែនឌ័រ បុកជាមួយម៉ូតូ YAMAHA CBR បញ្ច្រាសគ្នាពេញទំហឹង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា មុនកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាក YAMAHA CBR ស្លាកលេខ ភ្នំពេញ ១DE-៦០២៥ ពណ៌ក្រហម បើកបរដោយឈ្មោះ ឈៀន សុបញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកជំនួញ មានទីលំនៅ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បើកបរពីកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ១ លុះមកដល់ចំណុចកើត ហេតុខាងលើ ក៏ទៅបុករថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ ២AI-៥៥៤៨ បើកបរដោយ ឈ្មោះលឹម តាំងប៉ ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកបរពីលិចទៅកើត បញ្ច្រាសគ្នាពេញទំហឹង លាន់សូរដូចរន្ទះបណ្ដាលឲ្យអ្នកបើកបរ ម៉ូតូស្លាប់នៅកន្លែងកើតហេតុ។
ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍ និងឃាត់ខ្លួនអ្នកបើកបររថយន្តមកសាកសួរ និងវាស់វែង ព្រមទាំងអូសយកវត្ថុតាងទាំង២គ្រឿង ទៅកាន់អធិការដ្ឋាននគរបាលក្រុងបាវិតចាត់ការតាមច្បាប់។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារតែម៉ូតូបើកបរល្បឿនលឿន មិនប្រកាន់ស្ដាំ ៕ យឹម សុថាន